ក្មេងស្រីម្នាក់ត្រូវរថយន្តកិននៅក្នុងបរិវេនវត្តព្រះពុទ្ធមានបុណ្យ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវរថយន្ត១គ្រឿងបុករងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AH-1680 បើកបរដោយឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង កណ្តាល មុខរបររត់តាក់ស៊ីម៉ែត្រ និងសំចតនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ ។
ក្មេងរងគ្រោះឈ្មោះ សារឹម ស្រីពៅ ភេទស្រី អាយុ១៤ខែ ដែលមានម្តាយឈ្មោះ ស្រុន រត្ន័ ភេទស្រី អាយុ២៥ឆ្នាំ មុខបរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ដែលមានស្រុកកំណើតភូមិព្រែកប្រេះ ស្រុកលើកដែក ខេត្តកណ្តាល) ។ ក្មេងរងគ្រោះត្រូវរថយន្តកិនបែកក្បាលហូរឈាមតាមមាត់ និងច្រមុះ ក្រោយពេលកើតហេតុភ្លាមៗ ត្រូវបានអ្នកបើកបររថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យតាមម៉ូតូកង់បីដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់ ចំណែកអ្នកបើកបរក៏គេចខ្លួនបាត់ផងដែរ ។ សាកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តសំបួរមាសចំការដូង ។
បច្ចុប្បន្ន រថយន្តបង្កត្រូវបានកម្លាំងជំនាញបាននាំយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ខ៧មករា រង់ចាំដោះស្រាយតាមនីតិវិធី ៕