សេចក្តីជូនដំណឹងស្ថានភាពឥទ្ធិពលរបស់ព្យុះទី១២ ឈ្មោះ ប៉ូឌុល (PODUL) និង ការហក់ឡើងជាថ្មី នៃទឹកទន្លេមេគង្គ
ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការពិនិត្យតាមដានលើស្ថានភាពអាកាស ធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា ព្យុះទី១២ ឈ្មោះ ប៉ូឌុល (PODUL) ដែលបានកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ព្យុះប៉ូឌុល បានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសវៀតណាម ភាគកណ្តាល ហើយ។
យោងតាមការព្យាករឥទ្ធិពលរបស់ព្យុះប៉ូឌុល នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម៖
ទី១- បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។ នៅលើលំហសមុទ្រផ្ទៃមេឃ មានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ទី២- តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
ទី៣- រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។
ឥទ្ធិពលរបស់ព្យុះ ប៉ូឌុល នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើនផងដែរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ នឹងបង្កឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀត។ យោងតាមការព្យាករទឹកទន្លេមេគង្គ អាចនឹងហក់ឡើងដល់៖
(១)- ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)។
(២)- ស្ថានីយជលសាស្ត្រខេត្តក្រចេះ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២១,០០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ)។
(៣)- ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៣,៥០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)។
(៤)- ស្ថានីយជលសាស្ត្រ បាសាក់ ចតុមុខ នៅរាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់កម្ពស់ ៨,០០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ម៉ែត្រ)។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕