តុលាការសម្រេចលើកពេលប្រកាស សាលក្រមលើរឿងក្តី អតីតបុគ្គលិកវិទ្យអាស៊ីសេរី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ តុលាការបានប្រកាសលើកពេលប្រកាសសាលក្រម លើជនត្រូវចោទដែលជាអតីតបុគ្គលិកវុទ្យុអាស៊ីសេរី ឈ្មោះ អ៊ួន ឈិន និងឈ្មោះ យាង សុភារិន្ទ (ហៅ យាង សុជាមេត្តា) ទៅថ្ងៃក្រោយ ដោយមិនបានកំណត់ថ្ងៃខែនៅឡើយទេ។

ការប្រកាសសាលក្រមលើកពេលលើសំណុំរឿងអតីតបុគ្គលវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីបន្ទាប់ក្រុមប្រឹក្សាជំនុំជម្រះ និងតំណាងអយ្យការ បញ្ចប់សវនាការសួរដេញដោល កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ពីបទពាក់ព័ន្ធការផ្តល់ព័ត៌មានដល់រដ្ឋ ឬភ្នាក់ងារបរទេសដែលអាចអន្តរាយ ដល់ការការពារជាតិនោះ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

ទោះជាយ៉ាងណាក៏ដោយ ជនត្រូវចោទឈ្មោះ អ៊ួន ឈិន និងយាង សុភារិន្ទ ហៅ យាង សុជាមេត្តា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ក៏ត្រូវបានតុលាការជំនុំជម្រះលើបទចោទមួយទៀត គឺករណីផលិតវីឌីអូអាសអាភាស ហើយការផលិតវីដេអូអាសអាភាសនេះ គឺជាបទល្មើសទី២ ដែលលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវតុលាការចោទប្រកាន់នៅក្នុងឆ្នាំ២០១៨ ក្រោយពិនិត្យលើវត្ថុដែលចាប់យកបានបង្ហាញភស្តុតាងដាក់បន្ទុក។

សូមបញ្ជាក់ថា លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍»។
អ្នកទាំងពីរត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារជិត ១ឆ្នាំ បន្ទាប់មកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ។ ការចាប់ខ្លួនរបស់បុគ្គលវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុរបស់អាមេរិកមួយនេះ បានបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា៕