ឆក់ទូរស័ព្ទដៃបានសម្រេចបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់
ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន ខណៈកំពុងជិះម៉ូតូកង់បីឥណ្ឌា ក៏ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច និងបណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៧៣ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយភ្លាមៗត្រូវរថយន្តសាមុយដឹកទៅដល់មន្ទីពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្ដង ។
សពជនរងគ្រោះជាជនជាតិចិន តែមិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកជនសង្ស័យក៏មិនបានស្គាល់អត្តសញ្ញាណដែរ ព្រោះគេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាអ្នកបើកម៉ូតូកង់បីឥណ្ឌាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់(ម្ចាស់កង់បីឥណ្ឌា)បានដឹកជនរងគ្រោះចេញពីខារ៉ាអូខេមួយកន្លែង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើង ខណៈមកដល់កែងផ្លូវលេខ៣១០ ស្រាប់តែលេខមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ជាជនជាតិចិន កំពុងអង្គុយលើកង់បីឥណ្ឌាបានសម្រេច និងបណ្ដាលឲ្យជនរងគ្រោះខាងលើដួលធ្លាក់ពីលើកង់បីបោកក្បាលនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែកជនសង្ស័យ ភ្លាមៗក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលផងដែរ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ តែអកុសជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតដោយស្ថានភាពធ្ងន់ធ្ងរពេក ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុដែរ តែបានត្រឹមធ្វើការសួរនាំទៅប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូកង់បីឥណ្ឌាដឹងរឿងហេតុ រួចក៏នាំគ្នាជិះម៉ូតូទៅគោលដៅរៀងៗខ្លួន ។ ចំពោះសពជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិបន្ត ៕