ស្ថានភាពរបស់មន្ត្រីនគរបាលដែលត្រូវហ្គាសផ្ទុះលើ ព្រឹកនេះ​ផ្ទៃមុខមាន​ការហើមពិបាកក្នុងការនិយាយ និង​ដកដង្ហើម សម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសថៃ

នាថ្ងៃទី១៦ ខែសីហានេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា “ប្រនសំបូរ” មុននេះបន្តិចបានឲ្យដឹងព័ត៌មានពីស្ថានភាពចុងក្រោយរបស់មន្ត្រីនគរបាលដែលរងគ្រោះដោយសារផ្ទុះហ្គាសត្រូវ ក្នុងហេតុការណ៍ផ្ទុះស្ថានីយ៍បញ្ចូលហ្គាសរថយន្ត ដោយលោកឲ្យដឹងបែបនេះថា៖ “ស្ថានភាព របស់ លោកអនុសេនីយ៍ទោ ហួត មុន្នីពិសាខ ពីក្នុងមន្ទីពេទ្យនៅប្រទេសថៃ នាព្រឹកនេះ ​ផ្ទៃមុខមាន​ការហើមពិបាកក្នុងការនិយាយ នឹង​ ដកដង្ហើម ។”

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍នេះផងដែរ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនីពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ ប៉ុន្តែសំណាងមិនល្អក៏ផ្ទុះធុងហ្កាស ឆាបឆេះរោលពេលខ្លួនរងរបួសធ្ងន់ ដែលបច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ក្រោយពីឃើញភាពក្លាហាន និងការលះបង់របស់មន្ត្រីនគរបាលខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានសម្តែងការស្ញប់ស្ញែងចំពោះស្មារតីនៃការទទួលខុសត្រូវលើភារកិច្ចរបស់មន្ត្រីនគរបាលរូបនេះ។ អ្នកខ្លះបានចាត់ទុកថានេះ ជាវីរភាពមួយរបស់មន្ត្រីនគរបាលរូបនេះក្នុងប្រតិបត្តិការសង្គ្រោះជីវិតប្រជាពលរដ្ឋពីអណ្តាតភ្លើង។

តាមព័ត៌មានចុងក្រោយពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែងនេះ ដោយមានតែអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន០៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់នេះ មានជនជាតិបរទេស ចំនួន០២នាក់ ។