រឿងអប់រំចិត្ត៖ ហេតុអ្វីខ្ញុំក្រ?
មានរឿងមួយដំណាលថា មានស្ត្រីចំណាស់ម្នាក់បានសួរព្រះពុទ្ធអង្គថា ហេតុអ្វីក៏គាត់ក្រីក្រលំបាកវេទនាម្ល៉េះ? ព្រះពុទ្ធទ្រង់ក៏តបថា ព្រោះតែស្ត្រីចំណាស់នោះមិនចេះធ្វើទាន ហើយក៏មិនដឹងថាធ្វើទាននោះយ៉ាងម៉េចទៀត។ ឯស្រ្តីចំណាស់នោះ ក៏តម្អូញតបទៅទ្រង់វិញថា ខ្លួនគ្មានអ្វីសោះ ហើយក្រីក្រវេទនាទៀតនោះ តើនឹងមានទានឯណាផ្តល់ឱ្យគេបានទៅ?
ឮដូច្នោះ ព្រះពុទ្ធទ្រង់មានដីកាថា ស្រ្ដីនោះគឺមានរបស់ច្រើនយ៉ាងណាស់ដែលអាចផ្តល់ជាទានបាន។ ទានដែលស្ត្រីនោះអាចបរិច្ចាគបានរួមមាន៖
-មុខ៖ គាត់អាចញញឹម រីករាយ សើច សប្បាយបាន។
-មាត់៖ គាត់អាចប្រើវាដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យរីករាយ ឬក៏លួងលោមពួកគេ។
-ចិត្ត៖ គាត់អាចបើកចិត្តឱ្យទូលាយ ផ្តល់ការគោរព ការជឿជាក់ និងមានសន្ដានចិត្តល្អ។
-ភ្នែក៖ គាត់អាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌។
-ខ្លួនប្រាណ៖ គាត់អាចប្រឹងប្រែងប្រើវាជាជំនួយដល់អ្នកដទៃ។
-ដៃជើង៖ អ្នកអាចប្រើវា ក្នុងកិច្ចការសប្បុរសជាច្រើន ដូចជាជួយកិច្ចការនៅមណ្ឌលកុមារកំព្រា មណ្ឌលចាស់ជរា និងនៅតាមមន្ទីរពេទ្យមើលថែអ្នកជំងឺជាដើម។
ព្រះអង្គទ្រង់ក៏មានដីកាបញ្ជាក់ថា៖ ឃើញទេ? អ្នកមិនមែនក្រឯណា!