រដ្ឋបាលក្រុងព្រះសីហនុ ចុះរុះរើផ្លាកហាងចិនមួយកន្លែងឈ្មោះថា«ពិធីជប់លៀងរបស់រដ្ឋ» ដែលប្រើប្រាស់ពាក្យខ្មែរមិនត្រឹមត្រូវ
រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរវប្បធម៌ នៅព្រឹកថ្ងៃទី៥ ខែសីហា ២០១៩នេះ បានចុះរុះរើផ្លាកដែលសរសេរខុសបច្ចេកទេស ដោយប្រើពាក្យថា «ពិធីជប់លៀងរបស់រដ្ឋ» ស្ថិតនៅភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ការលើកផ្លាកយីហោណាមួយ ដោយសរសេរអក្សរខ្មែរមិនត្រឹមត្រូវ ដូចជា ដាក់អក្សរខ្មែរនៅក្រោម អក្សរបរទេស ឬការសរសេរពាក្យមិនត្រឹមត្រូវណាមួយនោះ គឺជាការខុសនឹងច្បាប់របស់កម្ពុជា។ ដូច្នេះហើយ សមត្ថកិច្ចបានចុះមកណែនាំហាងចិនមួយកន្លែង ដែលបានប្រើប្រាស់ពាក្យខ្មែរមិនត្រឹមត្រូវ ដោយប្រើប្រាស់ពាក្យថា «ពិធីជប់លៀងរបស់រដ្ឋ»។
មន្ត្រីដដែលបន្ថែមថា សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងណែនាំដល់ម្ចាស់ហាងឲ្យរុះរើយីហោរបស់ខ្លួន ក្នុងរយៈពេលមួយសប្ដាហ៍ ដោយអំឡុងពេលធ្វើផ្លាកថ្មីមិនទាន់ គឺអាចយកក្រណាត់ក្រហមគ្របពីលើផ្លាកសិន តែប្រសិនបើមិនអនុវត្តន៍តាម សមត្ថកិច្ចនឹងចុះរុះរើផ្ទាល់ និងហៅម្ចាស់ទៅសួរនាំតែម្តង។
គួររំលឹកផងដែរ កាលពីពេលកន្លងទៅ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ធ្លាប់មានប្រសាសន៍ថា នឹងចាត់វិធានការបន្ត ដោយមិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុនទើប អនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ។