តុលាការឃុំខ្លួនតៃកុង ចតឡានទុកចោលលើផ្លូវបណ្តាលឱ្យបុរសម្នាក់បើកម៉ូតូបុកពីក្រោយស្លាប់ភ្លាមៗ !
កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៨ សាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនតៃកុងរថយន្ត ដែលចតរថយន្តចោលអត់ដាក់ស្លាកសញ្ញាសម្គាល់ បណ្តាលឱ្យបុរសម្នាក់ បើកទៅបុកពីក្រោយរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារតែការធ្វេសប្រហែសមិនប្រុងប្រយត្ន័បណ្តាលឱ្យអ្នកជិះម៉ូតូបុកស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះ មានឈ្មោះ វ៉ន សាម៉ុន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសន្តិសុខ ហើយជនត្រូវចោទមានឈ្មោះ ឈិន រ៉ាំ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរបើកបររថយន្ត ។
នៅមុនពេលកើតហេតុ មានម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅស៊េរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV -1366 បើកបរដោយឈ្មោះ វ៉ន សាម៉ុន បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះបើកមកដល់កន្លែងកើតហេតុ ក៏ទៅបុករថយន្ត ម៉ាកNISSAN ពណ៌ស ប្រភេទសណ្តោងពាក់ស្លាកលេខ ព្រះសីហនុ 3A- 2223 ដែលចតនៅលើដងផ្លូវជាតិលេខ១ ដែលបណ្តាលឱ្យ អ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ៕
ដោយ៖សុថាត់