ក្រុមសង្គ្រោះនៅតែបន្តការងារទាំងយប់ (មានវីឌីអូ)
ក្រុមសង្គ្រោះនៅតែបន្តការងារទាំងយប់
ក្រុងព្រះសីហនុ-ក្រុមសង្គ្រោះនៅតែបន្តការងារទាំងយប់ ដែលរហូតមកត្រឹមម៉ោង៩យប់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងគ្រប់ផ្នែករួមទាំងក្រុមសង្គ្រោះ៧១១ នៅបន្តការងារតាមមុខសញ្ញាដែល បានចាត់តាំង។ ដោយសារគំនរអាគារបាក់រលំនេះ មានទំហំធំ កិច្ចប្រតិបត្តិការអាច នឹងចំណាយពេលយូរបន្ថែមទៀត។
តាមការកត់សំគាល់ ក្រៅពីសមត្ថកិច្ចចម្រុះនិងអ្នកស្មគ្រ័ចិត្តដែលជួយអន្តរាគមន៍ ក៍មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានបរិច្ចាគជាអាហារ ទឹកបរិសុទ្ធនិងភេសជ្ជៈ ផ្តល់ជាកម្លាំងចិត្តជូនទៅដល់ក្រុមសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ករណីរលំអាគារមួយកន្លែងកំពុងសាងសង់ក្នុងក្រុងព្រះសីហនុនេះ (គិតត្រឹមម៉ោង៥កន្លះល្ងាចថ្ងៃ២២ មិថុនា ២០១៩) ចំនួនអ្នកស្លាប់កើនដល់៧នាក់ និងអ្នករងរបួសមានចំនួន២៣នាក់ ។
ទោះជាយ៉ានេះក្តី ដោយសារតែប្រតិបត្តិការសង្គ្រោះមិនទាន់បញ្ចប់ មន្ត្រីមិនទាន់អាចបញ្ជាក់ជាផ្លូវការពីចំនួនជនរងគ្រោះថានៅមានឬគ្មានទៀតនៅឡើយ ដោយសារថាខ្លាចនៅមានសេសសល់កប់ជាប់នៅក្នុងគំនរបេតុងបាក់បែកនេះ ៕(ដំណឹងបន្ថែមជូនជ្រាប នៅព្រឹកស្អែក២៣.០៦.២០១៩)