បែកធ្លាយ ភាយក្លិន តំណែងមេភូមិមានហាងឆេង ៣០០០ដុល្លា ក្នុងសង្កាត់ចោមចៅ៣
បែកធ្លាយ ភាយក្លិន តំណែងមេភូមិមានហាងឆេង ៣០០០ដុល្លា ក្នុងសង្កាត់ចោមចៅ៣
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខ្សឹបខ្សៀវគ្នាទាំងពេបមាត់ មិននឹកស្មានដល់តំណែងមេភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានហាងឆេង ចៅសង្កាត់ដាក់ឲ្យដេញថ្លៃ តម្លៃ៣០០០ដុល្លា ជាថ្នូរនឹងបេក្ខភាពឈរជើងជាមេភូមិ ខណៈដែលបរជាពលរដ្ឋមិនពេញចិត្ត ទាមទារឲ្យបោះឆ្នោតជ្រើសតាំងពីពលរដ្ឋក្នុងមូលដ្ឋានវិញ ។
ពលរដ្ឋលើកឡើងថា មេភូមិព្រៃទា២កន្លងមកឈ្មោះ រ៉ុង សាន តែបញ្ហាសុខភាព មានជម្ងឺផង និងវ័យកាន់តែចាស់ផង បានស្នើសុំលាឈប់ ពីមេភូមិ មកដល់ពេលនេះ តំណែងជាមេភូមិ មានអ្នករត់ការចង់ឡើងតំណែងជាមេភូមិ ត្រូវបាន លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ រត់ការឲ្យលោក មុី សាមឺឌី ហៅ រ៉េត អតីតសកម្មជនគណៈបក្សសង្គ្រោះជាតិ មិនទាន់ចុះចូល ជាថ្នូរនឹងតំណែងមេភូមិព្រៃទា២ ។
ពលរដ្ឋលើកឡើងថា ពួកគាត់ចង់បានមេភូមិ កើតចេញពីការពេញចិត្ត របស់ពលរដ្ឋ សុំឲ្យមានការបោះឆ្នោតជ្រើសរើស ចេញពីពលរដ្ឋក្នុងភូមិពិតៗ ដើម្បីផ្តល់ជំនឿជឿជាក់ ជាតំណាង ដ៏ស្មោះត្រង់ រួមសុខ រួមទុក្ខជាមួយពលរដ្ឋ ៤០ឆ្នាំកន្លងមកហើយ ពលរដ្ឋបានសុខ មិនចង់ឲ្យបែកបាក់សាមគ្គីក្នុងពេលនេះឡើយ ។
ពលរដ្ឋបន្តទៀតថា លោកវា សាវឿន ចៅសង្កាត់ចោមចៅ៣ ចង់តែងតាំងលោក មុី សាមឺឌី ជាមេភូមិជាថ្នូរនឹងលុយ៣០០០ដុល្លា ដែលពលរដ្ឋក្នុងភូមិមិនពេញចិត្តឡើយ គោលជំហររបស់ពលរដ្ឋ ទាមទារឲ្យបោះឆ្នោតជ្រើសរើសវិញ ៕ បក្សីចាំក្រុង