រឿងសម្លាប់ស្ត្រីម្នាក់ដាក់កញ្ឆេនំប៉័ងទៅបោះចូលលូទឹកស្អុយតុលាការផ្តន្ទាទោសបុរស២នាក់ដាក់គុក១ ជីវិត និងស្ត្រីម្នាក់រយៈពេល៣០ឆ្នាំ
ភ្នំពេញ៖ លោក រស់ សាម៉ឺឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃ ទី០៣ខែមិថុនាឆ្នាំ២០១៩នេះបានប្រកាសសាល ក្រមផ្តន្ទាទោសបុរស២នាក់ដាក់ពន្ធនាគារអស់មួយជីវិតនិងស្ត្រីម្នាក់ទៀតរយៈពេល៣០ឆ្នាំ។
ជនជាប់ចោទទី១ឈ្មោះកែវសុផាតភេទប្រុសអាយុ២៨ឆ្នាំមុខរបរអ្នកលក់នំប៉័ង, ទី២ឈ្មោះសុខហេងហៅអេតចាយភេទប្រុសអាយុ៣១ឆ្នាំមុខរបរអ្នករើសអេតចាយនិងទី៣ឈ្មោះអាតអឿនភេទស្រីអាយុ៣១ឆ្នាំមុខរបរអ្នកលក់នំប៉័ងត្រូវតុលាការផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តលើជនរងគ្រោះឈ្មោះខ្នើយសឹងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ក្រុមជនជាប់ចោទសារភាពថាមូលហេតុដែលពួកគេបែកគំនិតប្លន់សម្លាប់ជនរងគ្រោះព្រោះតែជនរងគ្រោះបានចងការប្រាក់ឲ្យជនជាប់ចោទឈ្មោះអាតអឿនចំនួន២០ម៉ឺនរៀលដោយគ្មានប្រាក់សងនិងមើលឃើញថាជនរងគ្រោះមានសម្ភារអាចប្លង់យកទៅលក់បានទើបពួកគេធ្វើសកម្មភាពប្លន់ជនរងគ្រោះនៅពេលពួកគេណាត់ជនរងគ្រោះឲ្យមកយកលុយជំពាក់។នៅពេលសម្លាប់ជនរងគ្រោះរួចពួកគេបានយកសម្ភាររួមមានម៉ូតូម៉ាកស្កុបពី១គ្រឿង, ទូរស័ព្ទ IPhone ២គ្រឿង,ខ្សែក, ក្រវិល, នាឡិកា, និងសម្ភារមួយចំនួនទៀតចែកគ្នា។
សូមរម្លឹកថាកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានឃាត់ខ្លួនក្រុមជនជាប់ចោទខាងលើកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះរួចច្រកក្នុងកញ្ឆេនំប៉័ងយកទៅបោះចោលក្នុងលូទឹកស្អុយតាមផ្លូវសឡាក្បែរស្ថានីយ៍ប្រេងតេលាសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ៕