នារីកម្មកររោងចក្រម្នាក់ឈឺញឹកញាប់ពេកមន្ទីរពេទ្យ ជា សុខលឹម បដិសេធមិនទទួលព្យាបាល
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីកម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រស្បែកជើង ជេ អិន ធី ស៊ូ (J N T Shoe) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
បានដួលសន្លប់ ហើយត្រូវបានខាងក្រុមហ៊ុនបញ្ជូនទៅមន្ទីរសម្រាកព្យាបាល ជា សុខលឹម។
ប៉ុន្តែនៅពេលបញ្ជូនទៅដល់មន្ទីរសម្រាកព្យាបាលខាងលើ បែរជាត្រូវគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យខាងលើ បដិសេធមិនទទួលព្យាបាល ដោយលើកហេតុផលថា កម្មការិនីរូបនោះឈឺញឹកញាប់ពេក។ បន្ទាប់ពីត្រូវមន្ទីរពេទ្យខាងលើបដិសេធមិនទទួលព្យាបាល ទើបកម្មការិនីរងគ្រោះដែលសន្លប់ ត្រូវបានបញ្ជូនទៅរោងចក្រវិញ រួចក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ មូលមិត្ត ជំនួសវិញ។
សូមបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលខាងលើមានឈ្មោះ ជា សុខលឹម មានទីតាំងស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយក៏ជាដៃគូសហការរបស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែរ។
គួរបញ្ជាក់ដែរថា កម្មការិនីរងគ្រោះខាងលើមានឈ្មោះ អែម សុម៉ាលី អត្តលេខ J201570031បម្រើការនៅផ្នែកវេចខ្ចប់ នៃក្រុមហ៊ុន ជេ អិន ធី ស៊ូ (J N T Shoe)៕