ភ្លៀងលាយលំជាមួយខ្យល់​កន្ត្រាក់​ បោកបក់បេីងតំបូលស័ង្កសីឃ្លាំងដ៏ធំ ហោះធ្លាក់មកសង្កត់មនុស្ស៣នាក់ និងយានយន្តជាច្រេីនទៀត


រាជធានីភ្នំពេញ​ ៖ ខណៈកំពុងមានភ្លៀងធ្លាក់ខ្លាំង លាយលំជាមួយខ្យល់កន្ត្រាក់បោកបក់មក​ បានធ្វេីឲ្យ​បេីងតំបូលស័ង្កសី ការដ្ឋានសំណង់មួយកន្លែង បេីងហោះទៅធ្លាក់លេីទីធ្លាក្បែរនោះ សង្កត់លេីមនុស្ស បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល​ និងសង្កត់ចំរថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿង​ទៀត ជាប់ក្រោមតំបូលដ៏ធំនោះ បង្កឲ្យមានការភ្ញាក់ផ្អើលក្រុមកម្មករ​នាំគ្នាជួយសង្គ្រោះ​ យកមកកន្លែងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះទៅកន្លែងកេីតហេតុ​ និងទាក់ទង​រថយន្តសង្គ្រោះបន្ទាន់​មកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ​។

គ្រោះធម្មជាតិ​ខ្យល់កន្ត្រាក់នេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​០១:២០នាទីរសៀល​ ថ្ងៃសុក្រ​ ទី១០​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅចំណុចរោងចក្រមួយកន្លែង នៅជិតផ្លូវបេតុង៥០ម៉ែត្រ​ ស្ថិតក្នុងភូមិពាម​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចមូលដ្ឋាន​បានប្រាប់ឲ្យដឹងថា ដំបូលស័ង្កសីដែលប៉ើងនេះមានទំហំ ប្រហែល ២,៩៧០ ម៉ែត្រការេ ទទឹង៣៣ម៉ែត្រ បណ្ដាយ៩០ម៉ែត្រឯណោះ ដោយមានម្ចាស់ឃ្លាំងឈ្មោះ អ៉ឹង ប៊ុនប៉េង ត្រូវបានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ ប៉ើងសង្កត់លើរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង ក្នុងនោះមានរថយន្តស្ទូចដែក ១គ្រឿង រថយន្តម៉ាកធុនត្រា​ ១គ្រឿង និងម៉ូតូសង់០១០ ចំនួន១គ្រឿង បណ្តាលឲ្យរងការខូចខាត និងសង្កត់ចំមនុស្សចំនួន៣នាក់បណ្ដាលឲ្យរងរបួស​ធ្ងន់និងស្រាល ភ្លាមៗនោះត្រូវបានបងប្អូនកម្មករនៅទីនោះ​ នាំគ្នាជួយសង្គ្រោះ​យកមកកន្លែងមានសុវត្ថិភាព​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ហៅរថយន្តសង្គ្រោះមកដឹងយកទៅសង្គ្រោះផងដែរ។

ជនរងគ្រោះ​មាន​ ទី១.ឈ្មោះ អេង ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករធ្វើឃ្លាំង ។ ទី២.ឈ្មោះ យូរ ផុត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ។ និងទី៣ មិនទាន់ស្គាល់អត្ដសញ្ញាណនោះទេ ហើយជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យសួគ៌ា ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ រថយន្តនិងម៉ូតូដែលត្រូវបាន​តំបូលស័ង្កសីនោះ​សង្កត់​ជាប់និងរងការខូចខាត មិនទាន់ដឹងថា​ដោះស្រាយយ៉ាងណានោះទេ៕