មុននេះ! ខ្យល់កន្ត្រាក់ វាយប្រហារ ផ្ទាំងប៉ាណូដ៏ធំមួយ បាក់រលំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ៥ សង្កត់ម៉ូតូអ្នកដំណេីររងរបួស ហេីយកំពុងស្ទះចរាចរណ៍ខ្លាំង
រាជធានីភ្នំពេញ ៖ (ដំណឹងបឋម) នៅមុននេះបន្តិច ខណៈមានភ្លៀងធ្លាក់ផង ខ្យល់ផង ថែមទាំងផ្លេកបន្ទរផង នៅតាមបណ្ដាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ បានធ្វើឱ្យផ្ទាំងប៉ាណូដ៏ធំមួយត្រូវបានខ្យល់កន្ត្រាក់វាយប្រហារធ្លាក់ពីលើសសរទាំង២ មកកាត់ទទឹងផ្លូវជាតិលេខ៥ បណ្តាលឱ្យសង្កត់លើម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង៤:០៦នាទីល្ងាច ថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវភ្លោះ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ផ្ទាំងប៉ាណូខាងលើជារបស់ក្រុមហ៊ុនមួយ ដែលជាផ្ទាំងប៉ាណូដ៏ធំមួយកាត់ទទឹងផ្លូវជាតិលេខ៥ មានប្រវែង៥ម៉ែត្រគុណនឹង១០ម៉ែត្រជាង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Moov ពាក់ស្លាកលេខភ្នំពេញ 1FM-8539 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទាំងប៉ាណូដ៏ធំខាងលើនេះ ធ្លាក់មកសង្កត់លើពីកាត់ទទឹងថ្នល់បិទផ្លូវជាតិលេខ៦ បង្កឱ្យមានការកកស្ទះចរាចរណ៍តែម្តង ។
រហូតមកដល់ពេលនេះ អាជ្ញាធរបានត្រឹមតែឈរមើលផ្ទាំងប៉ាណូបាក់ទទឹងផ្លូវតែប៉ុណ្ណោះ ហើយអាជ្ញាធរខណ្ឌឬស្សីកែវ មានទាំងលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ រួមទាំងលោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានត្រឹមតែឈរសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ និងរកវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយឥឡូវមិនទាន់បានយកម៉ាស៊ីនស្ទួច ឬគ្រឿងចក្រមកកាត់ផ្ទាំងប៉ាណូនោះចេញនៅឡើយទេ ៕