បេីកម៉ូតូលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ភ្លៅ ហេីយរថយន្តបេីកគេចចេញទៅបាត់ នៅជិតច្រកចូលផ្សារចាក់អង្រែ!
រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ បាក់ភ្លៅខាងស្ដាំ ក្រោយពីជិះម៉ូតូហុងដាឌ្រីមតែម្នាក់ឯង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ភ្លាមៗនោះរថយន្តក៏បានឈប់មួយភ្លេតដែរ តែដោយមិនមានអ្នកណាឃាត់ក៏បេីកចេញទៅបាត់ស្រមោល បន្សល់ទុកម៉ូតូនិងជនរងគ្រោះនៅកណ្ដាលផ្លូវ ត្រូវបានប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកេីតហេតុនិងទាក់ទងរថយន្តសាមុយមណ្ឌលសុខភាពចាក់អង្រែ មកដឹកយកទៅសង្គ្រោះផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍្ត ទី០២ ខែឧសភា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចជិតសាលាអន្តរជាតិ ISPP (ហួសច្រកចូលផ្សារចាក់អង្រែ ប្រហែល១០០ម៉ែត្រ) លេីកំណាត់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាកម្មករសំណង់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-8329 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) ដែលធ្វេីដំណេីរស្របទិសគ្នា ភ្លាមៗនោះរថយន្តក៏បានឈប់មួយភ្លេតដែរ តែដោយមិនមានអ្នកណាឃាត់ក៏បេីកចេញពីកន្លែងកេីតហេតុទៅបាត់ស្រមោល បន្សល់ទុកម៉ូតូនិងជនរងគ្រោះនៅកណ្ដាលផ្លូវ ត្រូវបានប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកេីតហេតុនិងទាក់ទងរថយន្តសង្គ្រោះបន្ទាន់អោយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។
ខណៈពេលកំពុងរងចាំរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ ក៏មានបងប្អូនសាច់ញាតិជនរងគ្រោះមកដល់កន្លែងកេីតហេតុផងដែរ ដោយបានយកទឹកកកមកដាក់លេីថ្នល់កុំអោយក្ដៅពេក ព្រោះមិនអាចលេីកជនរងគ្រោះបាន ដោយសារជនរងគ្រោះបាក់ភ្លៅខាងស្ដាំ ។
ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ដោយសារក្រុមគ្រួសារជនរងគ្រោះមិនដាក់ពាក្យបណ្ដឹងអ្វីទេ ទេីបសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ ធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ លេីកឡេីងរថយន្តមួយគ្រឿង ដឹកយកទៅជួសជុលដោយខ្លួនឯងតែម្ដង។
បច្ចុប្បន្នរថយន្តសាមុយរបស់មណ្ឌលសុខភាពចាក់អង្រែ បានមកដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ៕ (អត្ថបទរូបភាព បងម៉េង)