បញ្ជូនខ្លួនឪពុកចុងចាប់រំលោភកូនចុង អាយុ១៣ ឆ្នាំ ទៅឲ្យតុលាការចាត់ការតាមច្បាប់

ភ្នំពេញ​ ៖ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនឪពុកចុងម្នាក់ ក្រោយពីលួងលោមកូនចុងអាយុ១៣ឆ្នាំ រំលោភបានសម្រេចច្រើនដងត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅចាប់វាយខ្នោះ ទៅអោយតុលាការចាត់ការតាមនីតិវិធីច្បាប់ ។

សូមរំលឹកថា ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៤ និង ៣០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះ សំណាក់ ដាលីន ផ្លូវបេតុង ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

កុមារីរងគ្រោះឈ្មោះ យ.ស.ន អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតីយ៍វត្តប្រជុំវង្ស ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះ ព្រុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតីយ៍វត្តប្រជុំវង្ស ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ​បានឲ្យដឹងថា កាលពីថ្ងៃទី៣១-០៣-២០១៩ ម៉ោង២២:០០នាទី ម្តាយកុមារីរងគ្រោះបានចេញទៅរើសអេតចាយ បានទុកនៅជាមួយឱពុកចុងពេលនោះជនសង្ស័យត្រូវជាឪពុកចុងកុមារីរងគ្រោះបាន នាំកុមារីរងគ្រោះទៅដេកនៅផ្ទះសំណាក់មួយ​ យីហោ​ ដាលីន (ចំណុចកើតហេតុ) រួចចាប់រំលោភកុមារីរងគ្រោះបានសម្រេច៣ដង បន្ទាប់មកក៏នាំកុមារីរងគ្រោះត្រលប់មកកន្លែងស្នាក់នៅវិញ ពេលនោះម្តាយឃើញកុមារីរងគ្រោះមានសភាពស្លេកស្លាំងពេក ក៏សាកសួរនាំ រួចកុមារីរងគ្រោះក៏និយាយរឿងហេតុខាងលើប្រាប់ស្រ្តីជាម្តាយទើបដឹងរឿង លុះដល់ថ្ងៃទី០២-០៤-២០១៩ ម៉ោង១៤:៣០នាទី ម្តាយក៏នាំកុមារីរងគ្រោះមកដាក់ ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីអោយសមត្ថកិច្ចចាប់បុរសជាឱពុកចុងចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចបន្តថាក្រោយពីស្ដាប់ចម្លើយម្ដាយនិងក្មេងស្រីរងគ្រោះរួចក៏សហការជាមួយនគរបាល ប៉ុស្តិ៍ប្រញាប់ធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនល្មោភកាមជាឪពុកចុងនេះមកដាក់ទោសទណ្ឌ រហូតដល់ម៉ោង១៦ និង ៣០នាទីថ្ងៃដដែល សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានសហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រែកប្រា ធ្វេីការស្រាវជ្រាវ​ ឃាត់ខ្លួនជនសង្ស័យបាននៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងសាកសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពីក្មេងស្រីរងគ្រោះមែន​ និងបច្ចុប្បន្នក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ ៕