ទន្លេបាសាក់ មុខផ្សារទំនើប AEON 1 ដែលជាដៃទន្លេ៤មុខ ត្រូវបានគេលួចចាក់ដីលុប លេចលឺដល់លោកជំទាវ ហ៊ុន សុីណាត ភ្លាម គាត់ចេញវីដេអូប្រត្តិកម្មយ៉ាងខ្លាំង! ខណៈពលរដ្ឋរាយការណ៍ថា បុកគ្រឹះរួចបណ្ដេីរៗហេីយ!
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទងនឹងបញ្ហាលុបដីទន្លេនៅម្តុំកោះពេជ្រ នៃទន្លេចតុមុខ ដែលជាទន្លេប្រសព្វគ្នាចំនួន៤ មានដូចជា ៖ ទន្លេមេគង្គលើ (ហៅទន្លេធំ), ទន្លេមេគង្គក្រោម (ហៅទន្លេក្រៅ), ទន្លេសាប (ហៅទន្លេក្នុង), និងទន្លេបាសាក់ (ហៅទន្លេក្នុង)។
ចំពោះករណីខាងលើនេះដែរ ក៏ត្រូវបានលោកជំទាវ ហ៊ុន សុីណាត បានមានការប្រតិកម្មយ៉ាងខ្លាំង នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ និងបានស្នេីដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួមជាមួយឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ចំពោះបញ្ហានេះអោយបានទាន់ពេលវេលាផង។
ក្នុងនោះដែរលោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា៖ ម្ចាស់ថ្លៃអើយ ចេះតែមានហើយ លុបឲ្យអស់ទៅ ខ្ញុំចង់តែយំទេ ឃើញតែរឿងដី មិនចេះចប់។ ម្យ៉ាងទៀតហេតុអី បានជាមកលុបទន្លេមុខ៤ ដែលជាទន្លេប្រវត្តិសាស្ត្រ មកលុបនៅតែ៣ អញ្ចឹង ដីទីនេះ ខ្ញុំគិតថាច្បាប់ទន្លេ បឹង សមុទ្រ ភ្នំជារបស់សាធារណៈ ឈប់បានឈប់ទៅ ចង់បានមិនចេះខ្មាស់អញ្ចឹង។
មួយរយៈនេះ មើលទៅមិនល្អសោះ ឧកញ៉ាខ្លះលុបសមុទ្រ លុបបឹង ពេលនេះទៀតមកលុបដល់ដៃទន្លេបួនមុខទៀត រកមុខឲ្យឃើញអ្នកលុបដៃទន្លេនេះ ថតបង្ហោះឲ្យប្រជាជនបានស្គាល់មុខ អាអ្នកលុបទីតាំងប្រវត្តិសាស្ត្រនេះផង ថាដីនេះមិនមែនដីម៉ែឪវាទេ ជាដីសម្បត្តិសាធារណៈ ។ សូមឲ្យវត្ថុស័ក្តិសិទ្ធិ ទន្លេបួនមុខ ដាក់ទោសអាអ្នកលុបដីនេះ ឲ្យអស់ទៅ ។
ជុំវិញរឿងចាក់ដីលុបដៃទន្លេបួនមុខ នៅមុខផ្សារទំនេីបAEONទី១នេះ មិនទាន់ឃេីញអាជ្ញាធរពាក់ព័ន្ធចេញមុខបំភ្លឺនៅឡេីយនោះទេ។
សង្ឃឹមថា ឯកឧត្តមអភិបាលរាជធានី និងឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍ចំពោះបញ្ហានេះបានទាន់ពេលវេលា ខណៈដែលទីតាំងដៃទន្លេបួនមុខដែលបានចាក់ដីរួចនោះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា បានបុកគ្រឹះរួចបណ្ដេីរៗហេីយ បេីគិតត្រឹមល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ៕ (ហង្សតូចព័ត៌មាន)