សូមកុំច្រឡំថាសាលាសង្កាត់ចោមចៅមាន៤ឲ្យសោះ តាមពិតមានតែ៣ទេ
ភ្នំពេញ៖យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ សង្កាត់ចោមចៅរបស់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបំបែកចេញត្រឹមតែ៣ប៉ុណ្ណោះ គឺសង្កាត់ចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣ ។ ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនកំពុងតែយល់ច្រឡំថា សង្កាត់ចោមចៅត្រូវបំបែកចេញដល់ទៅ៤ឯណោះគឺមាន១,សង្កាត់ចោមចៅ ២,សង្កាត់ចោមចទី១ ៣,សង្កាត់ចោមចៅទី២ និង៤,សង្កាត់ចោមចៅទី៣។មូលហេតុដែលបង្កឲ្យមានការយល់ច្រឡំធំបែបនេះគឺដោយសារតែសង្កាត់ចោមចៅទី៣ ដែលស្ថិតនៅទីតាំងចាស់មិនត្រូវបានលោកចៅសង្កាត់ចាត់ចែងប្ដូរឈ្មោះថ្មីទៅជាសាលាសង្កាត់ចោមចៅ៣ទេ គឺនៅរក្សាឈ្មោះចាស់លើស្លាកយីហោជា«សាលាសង្កាត់ចោមចៅ»ដដែល។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់អាចរកឃើញទីតាំងសាលាសង្កាត់ចោមចៅ សាលាសង្កាត់ចោមចៅទី១និងសាលាសង្កាត់ចោមចៅទី២ ប៉ុន្តែដល់សាលាសង្កាត់ចោមចៅទី៣រកអត់ឃើញទេ មិនដឹងថានៅទីណាឡើយ។ លុះពេលសាកសួរគេឯងទៅទើបដឹងថាសាលាសង្កាត់ចោមចៅ៣ កំពុងលាក់ខ្លួនពួនអាត្មានៅលើទីតាំងចាស់ គ្រាន់តែមិនទាន់ប្ដូរឈ្មោះប៉ុណ្ណោះ ហើយដោយសារតែការគ្រប់គ្រងបែបចន្លោះប្រហោងរបស់លោកវ៉ា សាវឿន ដែលជាចៅសង្កាត់ មកពីអតីតគណបក្សសង្រ្គោះជាតិ។
ប្រជាពលរដ្ឋងឿយឆ្ងល់ថា លោកចៅសង្កាត់រូបនេះគ្មានលុយសម្រាប់កែឈ្មោះស្លាកយីហោសាលាសង្កាត់ថ្មីឬបែបណានោះទេ តែបើគ្មានលុយគួរណាស់តែធ្វើសំណើរទៅថ្នាក់លើរបស់ខ្លួនដូចជាសាលាខណ្ឌពោធិ៍សែនជ័យ សាលរាជធានីភ្នំពេញឬក្រសួងមហាផ្ទៃដើម្បីសុំលុយមកធ្វើស្លាកយីហោសាលាសង្កាត់តែម្ដងទៅ ដើម្បីចៀសវាងកុំឲ្យមានការយល់ច្រឡំតទៅទៀត។
ប្រភពដដែលបានលើកឡើងបែបចំអកទៅលោកចៅសង្កាត់រូបនេះថា លុយធ្វើស្លាកសាលាសង្កាត់ឲ្យបានត្រឹមត្រូវគ្មានទែ ប៉ុន្តែឡានវិញជិះសុទ្ធតែអាទំនើបផុតលេខ ហើយសង្ស័យថាលោកចៅសង្កាត់ចង់បានហុងស៊ុយពេកទេដឹង ទើបស្រឡាញ់ឈ្មោះសង្កាត់ចាស់បែបនេះ។ ប៉ុន្តែទោះជាបែបណាបញ្ជាក់ឲ្យឃើញថា លោកចៅសង្កាត់មាន ភាពខ្ជីខ្ជារក្នុងការដឹកនាំ ទើសូម្បីតែទីកន្លែងធ្វើការរបស់ខ្លួនចេញចូលរាល់ថ្ងៃមើលមិនឃើញបែបនេះ។ ម្យ៉ាងទៀតលោកចៅសង្កាត់រូបនេះក៏មិនចូលចិត្តទៅអ្វីដែលជាការរិះគន់ដើម្បីស្ថាបនារបស់អ្នកកាសែតឡើយ ប៉ុន្តែបើគ្មានការរិះគន់ចំៗទេក៏មិនខ្ចីធ្វើដែរ ហើយការមិនទទួលយកការរិះគន់ក៏ព្រោះតែខ្លាចគេថាអន់ដែរ ជាក់ស្ដែងដូចជាបញ្ហាសម្រាមស្ទះលូជាដើមលោកចៅសង្កាត់អត់មើលទេដល់ពេលមានការចុះផ្សាយរិះគន់ស្រាប់តែលោកចៅសង្កាត់ខឹងច្រឡោតគម្រាមប្ដឹងអ្នកកាសែតដែលហ៊ានរិះគន់លោកទៀតផង។
ប្រភពដដែលបានបន្តថា ដូចអ្វីដែលបានឃេីញកន្លងមកហេីយថា លោក វ៉ា សាវឿន ដែលបានឡេីងកាន់តំណែងជាប់នឹងដៃជាចៅសង្កាត់ចោមចៅទី៣ ក្រោយពីបក្សប្រឆាំងរលាយបាត់ទៅ។ កន្លងមកនៅពេលដែលព័ត៌មានចុះផ្សាយ រិះគន់-ស្ថាបនា ពីបញ្ហានានាដូចជា៖សណ្តាប់ធ្នាប់-អនាម័យ-បរិស្ថាន លោក វ៉ា សាវឿន មួយរូបនេះមិនដែលបេីកបេះដូងទទួលយកការរិះគន់នេះទេ តែផ្ទុះទៅវិញបែជាប្រពាក្យសំដី គ្រោគ្រាធមិនសមជាមន្រ្តីសាធារណៈឡេីយ។
សូមបញ្ជាក់ថា សាលាសង្កាត់ចោមចៅ នៃខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបំបែកជា០៣គឺ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ដូចខាងក្រោមៈ
សង្កាត់ចោមចៅទី១ មានភូមិចននួន០៨ គឺភូមិគោកចំបក់ ភូមិទូលពង្រ ភូមិត្រពាំងរំចេក ភូមិចោមចៅ១ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤។
សង្កាត់ចោមចៅទី២ មានភូមិចំនួន១៦ គឺភូមិថ្មគោល១ ភូមិថ្មគោល២ ភូមិថ្មគោល៣ ភូមិចោមចៅ២ ភូមិចោមចៅ៣ ភូមិជ្រៃកោង ភូមិល្វា ភូមិព្រៃល្ង ភូមិព្រៃស្ពឺ ភូមិព្រៃកំបុត ភូមិដំណាក់ត្រយឹង ភូមិស្រែជំរៅ ភូមិកប់គង ភូមិក្រាំងដូនទៃ ភូមិព្រៃសណ្ដែក និងភូមិព្រៃព្រីងខាងត្បូង។
សង្កាត់ចោមចៅទី៣ មានភូមិចំនួន ១៤គឺ ភូមិព្រៃទា១ ភូមិព្រៃទា២ ភូមិព្រៃជីសាក់ ភូមិត្រពាំងពោធិ៏ ភូមិព្រៃព្រីងខាងជើង១ ភូមិព្រៃព្រីងខាងជើង២ ភូមិព្រៃព្រីងខាងត្បូង២ ភូមិថ្នល់បំបែក ភូមិជម្ពុវ័ន១ ភូមិជម្ពុវ័ន២ ភូមិព្រៃស្វាយ ភូមិអង្គកែវ ភូមិអង្គ និងភូមិអូរដឹម។
សូមជំរាបជូនប្រជាពលរដ្ឋទាំងអស់អោយបានដឹងថា សាលាសង្កាត់ចោមចៅទី៣មានទីតាំងនៅតាមបណ្តោផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់បំបែក ចំងាយពីរវង្វង់មូលចោមចៅប្រហែលជាង២០០ម៉ែត្រ បច្ចុប្បន្នស្លាកសញ្ញាក្លោងទ្វានៅជាសង្កាត់ចោមចៅនៅឡេីយទេ មិនទាន់ផ្លាស់ប្ដូរទៅជាសង្កាត់ចោមចៅ៣ទេ៕