ចាប់បានម្នាក់ហើយ ឃាតករដែលបានវាយសម្លាប់បុរសម្នាក់នៅហាងមីហិលមួយកន្លែងនៅឃុំព្រែកដំបង ខណៈក្រុមជនសង្ស័យផ្សេងទៀតកំពុងគេចខ្លួន

កណ្ដាល៖ បន្ទាប់មាន​ករណី​ឃាតកម្ម​នៅស្រុក​មុខកំពូល​រួចមក នគរបាល​ការិយាល័យ​ព្រហម្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុកមុខកំពូល និងនគរបាល​ប៉ុស្ដិ៍ព្រែកដំបង បានធ្វើ​ការស្រាវ​ជ្រាវរហូត​ចាប់ខ្លួន​យុវជនដែល​ជាជនដៃ​ដល់បាន​ម្នាក់ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ (ត្រឹមរយះពេល២ថ្ងៃ) ខណះដែល​ក្រុមជន​ដៃដល់​ផ្សេងទៀត​ស្ថិតក្នុង​ការស្រាវជ្រាវ​ចាប់ខ្លួន​នៅឡើយ ។

មន្រ្ដីនគរបាល​ព្រហ្មទណ្ឌកម្រិ​តធ្ងន់ នៃស្នងការដ្ឋាន​នគរបាលខេត្ដ​កណ្ដាលបាន​ឲ្យដឹងថា យុវជនសង្ស័យ​ដែលត្រូវ​ចាប់ខ្លួន​ខាងលើនេះ មានឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភព​ដដែលបន្ដថា បន្ទាប់ពី​ក្រុមយុវជន​សង្ស័យធ្វើ​សកម្មភាព​វាយទៅលើ​ជនរង​គ្រោះឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខ​ផ្ទះជនរងគ្រោះ ក្បែហាងមីហិរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង រួចមក ក្រុមជន​សង្ស័យបាន​នាំគ្នារត់គេច​ខ្លួនបាត់​ស្រមោល រីឯសមត្ថកិច្ច​ជំនាញ ក្រោយពីទទួល​បានព័ត៌មាន​ករណី​ឃាតកម្ម ភ្លាមនោះក៏ចុះមក​ធ្វើការពិនិត្យ រួចធ្វើការសហការគ្នា ស្រាវជ្រាវរក​មុខយុវជន​សង្ស័យដើម្ប​ចាត់ការតាម​នីតិវិធីច្បាប់ ។ ជាលទ្ធផល​សមត្ថកិច្ចជំនាញ​បានឃាត់​ខ្លួនយុវជន​សង្ស័យចំនួន​១នាក់ ឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ត យកមកអធិការដ្ឋាន​នគរបាលស្រុក ដើម្បីចាត់​ការតាម​នីតិវិធីច្បាប់ ។ ចំណែកឯ​មុខសញ្ញាដែល​ពុំទាន់ចាប់​ខ្លួនបាន សមត្ថកិច្ចជំនាញ​កំពុងតែធ្វើ​ការស្រាវជ្រាវ​បន្ដទៅទៀត ៕