ឆេះស្មៅរាលដាលដល់រោងទុករថយន្ត បណ្ដាលឲ្យឆេះខូចខាតស្ទើរទាំងស្រុង នៅស្រុកអង្គស្នួល
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រោងទុករថយន្ដដែលត្រូវអគ្គីភ័យឆាបឆេះមានទំហំ៥០គុណនឹងទទឹង២០ ធ្វើពីជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ជារបស់ឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ ។ ក្នុងការឆេះនេះផងដែរ បណ្ដាលឲ្យខូចខាតបន្ទប់សន្តិសុខសម្រាក១បន្ទប់ និងការិយាល័យរដ្ឋបាល១បន្ទប់ ។
ប្រភពដដែលបន្ដថា ក្រោយពីនគរបាលស្រុកអង្គស្នួលបានទទួលព័ត៌មានករណីអគ្គីភ័យខាងលើ ភ្លាមនោះក៏កម្លាំងនគរបាលបានធ្វើការអន្តរាគមន៍ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ដំណាក់អំពិល ,ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលចំនួន២គ្រឿង ,រថយន្តរបស់អង្គភាព K៨៦ចំនួន១គ្រឿង ,រថយន្ត ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចំនួន៤គ្រឿង , រថយន្តកងពលតូចលេខ៧០ចំនួនន២គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង ,រថយន្តឆ័ត្រយោង៩១១ ២គ្រឿង ។
ករណីខាងលើនេះ គឺបណ្ដាលមកភ្លើងឆេះស្មៅ ទើបរាលដាលដល់រោងទុករថយន្ដឆេះ ធ្វើឲ្យខូចខាតបែបនេះ ៕