រថយន្ដបុកជាមួយម៉ូតូបណ្ដាលអោយមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់
ខេត្តកណ្ដាល ៖ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មនុស្សស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបើកដោយល្បឿនលឿនរេចង្កូតមកបុកម៉ូតូពេញមួយទំហឹង នៅវេលាម៉ោង១២ ៖៥០នាទី ។
មន្ត្រីនគរបាលចរាចរណស្រុកពញាឮបានឲ្យដឹងថា៖ជនរងគ្រោះស្លាប់មានឈ្មោះ អ៊ំ ស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិ ព្រៃឈ ឃុំ ព្រៃឈ ខេត្តកំពង់ចាម (ជាអ្នករួមដំណើរលើម៉ូតូ) រីឯអ្នកបើកបរម៉ូតូឈ្មោះ សឿន សុថា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (របួសធ្ងន់) បើកបរម៉ូតូម៉ាកម៉ាក PULSAR ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1FG-1655 ។
ចំណែកឯរថយន្តម៉ាកម៉ាកToyota camry ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ2N- 2848 បើកបរដោយឈ្មោះ ឈុន សំណាង ភេទ ប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមទី១ ឃុំខ្សាម ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបន្តថា៖ នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើទៅលិច(ភ្នំពេញ កំពង់ឆ្នាំង) បើកបរដោយល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចផ្លូវកោង រថយន្តខាងលើបានរេចង្កូតចូលទៅឆ្វេង បានជ្រុលទៅបុកម៉ូតូបើកច្រាស់ទិសគ្នា បណ្ដាលឲ្យនារីម្នាក់ជាអ្នករួមដំណើរលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែករថយន្តនិងម៉ូតូ រួមជាមួយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ៖
ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកដោយល្បឿនលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវកោង ទើបបានជាជ្រុលទៅបុកម៉ូតូយ៉ាងដូច្នេះ ៕