ស្លាប់៣នាក់ របួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់រថយន្តដឹកដែកបុកជាមួយកាមរីឆ្លាម
ភ្នំពេញ ៖ មនុស្ស៣នាក់ បានស្លាប់នៅក្នុងគំនរដែក និងក្នុងទឹកប្រឡាយ និង២នាក់ទៀត រងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នា់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងរវាងរថយន្តធុនធំដឹកដែក ១គ្រឿង បានបើកបុជាមួយរថយន្តម៉ាក កាមរីឆ្លាម ១គ្រឿងទៀត។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចកន្លែងលក់សាច់ក្រកអាំងកំបូល ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្លាប់ទាំង៣នាក់ និងអ្នករងរបួស២នាក់មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ។
រថយន្តដឹកដែកពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ4A-1444 ខ្ទេចកាប៊ីនទាំងស្រុងក្លាយជាដែកអេតចាយ ហើយអ្នកបើកបរបានស្លាប់ និងប្រពន្ធរបួសធ្ងន់។រីឯរថយន្ត១គ្រឿងទៀតម៉ាកកាមរីឆ្លាមពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2H-2239 ជិះគ្នា៣នាក់ ស្លាប់២របួសធ្ងន់១។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកដែកបើកបរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តកាមរីឆ្លាមបើកបរក្នុងទិសដៅពីលិចទៅកើត ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ សង្ស័យរថយន្តកាមរីឆ្លាមជែងរថយន្តផ្សេង ជ្រុលទៅបុកជាមួយរថយន្តដឹកដែកបណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំង២គ្រឿង ហើយរថយន្តដឹកដែកបានបុកដើមអំពិលទឹក១ដើមរលើងគល់ដួលរលំរាបដល់ដី រីឯកាប៊ីនរថយន្តនោះត្រូវបានដែកបុកផ្ទប់ខូចខាតក្លាយជាដែកអេតចាយ ហើយអ្នកបើកបរស្លាប់ក្នុងគំនរដែក។ចំណែកខាងរថយន្តកាមរីឆ្លាមខូចខាតទាំងស្រុងដូចគ្នានិងមានមនុស្សស្លាប់២នាក់ដោយម្នាក់ស្លាប់ផុតពីគំនរដែកនិងម្នាក់ទៀតស្លាប់ក្រោមគំនរដែកកប់ក្នុងទឹក ដោយឡែកអ្នកបកររងរបួសធ្ងន់។
ក្រោយពេលកើតហេតុនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យនិងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងចេញ ពីក្នុងទឹកនិងទាញកសាកសពចេញប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕