លួចគេវាគ្រាន់ ពេលម្ចាស់គេតាមទាន់ មានអីជាប់ខ្នោះ

លួចគេបានវាគ្រាន់ ដល់ម្ចាស់គេតាមទាន់ មានអីជាប់ខ្នោះ។
ខេត្តតាកែវ ៖ ស្ត្រីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋម្នាក់បានសម្រេច ស្រាប់តែស្អែកឡើងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាំគ្នាចាប់ខ្លួនរួចបញ្ជូនទៅសមត្ថកិច្ចភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេចមួយថ្ងៃ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីលួចនេះធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣០នាទីព្រឹក ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី នៅចំណុចខាងជើងផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។
សមត្ថកិច្ចស្រុកបាទីបានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ នាល នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី បច្ចុប្បន្នស្នាក់នៅផ្ទះជួលទួលពង្រ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។
ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា សេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០០៣ ជារបស់ឈ្មោះ សួង ង៉ន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈដែលម្ចាស់បញ្ឈរទុកនៅចំណុចក្បែផ្សារត្រាំខ្នារ។
ប៉ូលីសស្រុកបាទីបានបន្តថា ជនសង្ស័យត្រូវថតបានពេលធ្វើសកម្មភាពលួច ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីឃាត់ខ្លួនសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញស្រុកបាទីកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកបក្ខពួកដើម្បីចាត់ការតាមនីតិវិធី។