ប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅក្នុងឡាំបាតា “កង់បីឥណ្ឌា” សមត្ថកិច្ចសន្និដ្ឋានជាករណីអត្តឃាត
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាអតីតសន្តិសុខក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ត្រូវបានគេប្រទះឃើញអង្គុយក្នុងឡាំបាតា (PassApp) ដោយប្រើខ្សែភ្លើងចង.កសម្លាប់ខ្លួន ដោយមិនមាននរណាម្នាក់ដឹងមូលហេតុពិតប្រាកដឡើយ។ ហេតុការណ៍ប្រទះឃើញនេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៨០ ភូមិ៧ ជាប់របងពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពបុរសខាងលើត្រូវបានសមត្ថកិច្ចអោយស្គាល់អត្តសញ្ញាណឈ្មោះ យឹម សុថា អាយុ៣៥ឆ្នាំ មានមុខរបររត់ឡាំបាតា (PassApp) និងជាអតីតសន្តិសុខក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា បុរសខាងលើជាសន្តិសុខបំរើការងារសន្តិសុខក្នុងមន្ទីរពេទ្យកាល់ម៉ែត្រយូរឆ្នាំមកហើយ តែនៅប៉ុន្មានថ្ងៃចុងក្រោយមុនពេលគាត់ចង.កសម្លាប់ខ្លួននេះគឺអាចសង្ស័យពីមូលហេតុតូចចិត្តនិងប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត្របានបញ្ឈប់គាត់ពីការងារ។ ប្រភពដដែលបានបន្តទៀតថា ហើយអាចមកពីជនរងគ្រោះ ជំពាក់បំណុលគេច្រើនរកលុយសងមិនបាន ហើយប្រាក់ខែក៍គ្មានដូចមុន ទើបសម្រេចចិត្តចង.កបញ្ចប់ជិវិតនៅក្នុងឡាំបាតា ( PassApp) របស់គាត់ដែលមានស្លាកលេខភ្នំពេញGS-5679 ពណ៌ក្រហមមិនដឹងស្លាប់តាំងពីស្មើណាទេ លុះព្រឹកឡើងទើបមានគេប្រទះឃើញ។
បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចកោសល្យវិច្ឆយរបស់រាជធានីភ្នំពេញ បានចុះពិនិត្យដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា សពជនរងគ្រោះបានប្រើខ្សែភ្លើងសម្រាប់ធ្វើអត្តឃាតខ្លួនឯង ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។
ក្រោយពេលពិនិត្យកោសល្យវិច្ឆយរួច សមត្ថកិច្ចបានប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕