លោកផ្កាយ៣ម្នាក់បបួលនារីចំរៀងម្នាក់ទៅរួមរ័ក្ស មិនបាន ទះ៣កំផ្លៀងផ្អើលពេញភោជនីយដ្ឋានបឹងមាសនៅជ្រោយចង្វារទាំងយប់

ភ្នំពេញ៖ បុរសម្នាក់អួតខ្លួនថាជាមន្ត្រីរយោធាពាក់ផ្កាយ៣ រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀតជិះរថយន្ត២ទៅ៣គ្រឿងមកចូលផឹកសុីនៅភោជនីយដ្ឋានបឹងមាស ហើយបានពេញចិត្តនិងស្ត្រីជាអ្នកចម្រៀងម្នាក់បានបបួលនាងទៅដេក តែនាងមិនព្រមក៏ទះ៣កំភ្លៀងរួចរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចភោជនីយដ្ឋាន បឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យិន ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអ្នកចំរៀងប្រចាំភោជនីដ្ឋាន បឹងមាស
ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ចំណែកជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបានបើករថយន្តចេញពីភោជនីដ្ឋានបឹងមាសបាត់ស្រមោល។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៍មានថា នាងបានមកច្រៀងនៅភោជនីដ្ឋានបឹងមាសនេះបានប្រាំមួយខែមកហើយ មិនដែលមានអ្នកណាម្នាក់មើលងាយនាងបែបនេះទេ ទើបតែយប់ថ្ងៃកើតហេតុខាងលើស្រាប់តែម្នាក់អួតខ្លួនថាជាយោធាពាក់ដល់ទៅផ្កាយ៣ម្នាក់រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀតបានបើករថយន្ត២ទៅ៣គ្រឿងមកផឹកសុី ចំណែកបុរសដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣នោះបើករថយន្តម៉ាស្តារពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ02-2-1215បាននាំគ្នាចូលមកផឹកសុីយ៉ាងសប្បាយ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែបុរសដែលបានអួតខ្លួនថាជាមន្ត្រីរយោធានោះបានហៅអ្នកចំរៀងចំនួន៤នាក់រួមនិងរូបនាងផងដែលកំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរនៅខាងក្រោម ស្រាប់តែកំពុងតែរាំជនដៃដល់នោះបានមកនិយាយជាមួយរូបនាងថា នៅផឹកសុីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៍មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ ស្រាប់តែជនដៃដល់នោះបានមកលួមលោមនាងទៀត ហើយក៍បបួលរូបនាងទៅដេកតែនាងឆ្លើយវិញថារូបនាងខ្ញុំមិនលក់ខ្លួនទេ លក់តែសម្លែងទេ ធ្វើឲ្យជនដៃដល់មានកាខឹងសម្បាយ៉ាងខ្លាំងបានស្ទុះទៅទះកំភ្លៀងទៅលើរូបនាងចំនួន៣កំភ្លៀង បន្ទាប់មកក៍ប្រញាប់ញាល់បើករថយន្តចេញពីកន្លែងហេតុតែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួន។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមអ្នកសារព័ត៌មាននាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារដើម្បីឲ្យសមត្ដកិច្ចជួយស្វែងរកចាប់ខ្លួនជនដៃដល់ដែលថាជាផ្កាយ៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សហការី