កម្មករ កម្មការីនីប្រមាណ១០០នាក់មកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ កម្មករ កម្មការីនី សិប្បកម្មកាត់ដេរសំលៀកបំពាក់ (W & D) ចំនួនប្រមាណ១០០នាក់ បានកើតទុក្ខមិនសុខចិត្ត នាំគ្នាមកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅផ្លូវមុន្នីរ៉េត ក្រុមទី៤ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី ។
កម្មករ កម្មការិនី នាំគ្នាមកសាលាដំបូងរាជធានីពេលនោះ គឺដើម្បីទាមទារសុំចូលធ្វើការវិញ ដោយសារតែក្រុមហ៊ុនបានបញ្ឈប់ ហើយនៅវេលាម៉ោង៨និង៤៥នាទី សាលាដំបូងបានអនុញ្ញាតឲ្យតំណាង១០នាក់ ចូលដើម្បីធ្វើការបំភ្លឺ (តំណាងកម្មករ០៦នាក់ តំណាងសហជីពស៊ីខូវឌូចំនួន៤នាក់) ។
សូមបញ្ជាក់ថា កម្មករ កម្មការិនី សរុប១៨០០នាក់/ប្រុសចំនួន២៣៩នាក់ ក្នុងនោះមានកម្មករ កម្មការិនី ចូលធ្វើការធម្មតាវិញ ចំនួន៧៤២នាក់។
ចំពោះកម្មករ កម្មការិនី នៅសល់ចំនួន១០៥៨នាក់ ក្នុងនោះក្រុមហ៊ុន ដាច់ខាតមិនអនុញ្ញាតឲ្យកម្មករចូលធ្វើការចំនួន១១៣នាក់ ដែលក្រុមហ៊ុន គិតថា ជាអ្នកដឹកនាំញុះញង់ធ្វើកូដកម្ម។
ចំណែកកម្មករ កម្មការិនី ចំនួន៩៤៥នាក់ទៀត ក្រុមហ៊ុនអនុញ្ញាតឱ្យចូលធ្វើការវិញ ប៉ុន្តែកម្មករ កម្មការិនីទាំងនោះ មិនព្រមចូលធ្វើការ ៕