ព្រឹកនេះ លោកវរសេនីយ៍ទោ ម៉េង​ វិមានតារា​ ត្រូវបានតែងតាំងជាអធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ជំនួសលោក​ វរសេនីយ៍ឯក​ តេង​ ស៊ីណូ​ ដែលចូល​និវត្តន៍​!

រាជធានីភ្នំពេញ​ ៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីនគរបាលជាតិ លោកវរសេនីយ៍ទោ ម៉េង​ វិមានតារា​ ឡេីងជាអធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ជំនួសលោក​ វរសេនីយ៍ឯក​ តេង​ ស៊ីណូ​ ដែលចូល​និវត្តន៍​។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អធិការនគរបាលខណ្ឌមានជ័យ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ធ្វេីឡេីងនាព្រឹកថ្ងៃសុក្រ ១១កេីត ខែមាឃ ឆ្នាំច​ សំរឹទ្ធិស័ក​ ពស២៥៦២​ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ​ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងមានការចូលរួមពីស្នងការរង នាយការិយាល័យ និងអធិការខណ្ឌទាំង១២​ និងនាយប៉ុស្តិ៍​រដ្ឋបាល​ ព្រមទាំងប្រធានការិយាល័យជាច្រេីនរូបទៀត។

យោងតាម អនុក្រឹត្យ ស្ដីពី ការដាក់ឲ្យចូលនិវត្តន៍មន្រ្តីនគរបាលជាតិកម្ពុជា លេខ២៧ អនក្រ.តត ដែលធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០១៩ មានហត្ថលេខា​និងត្រា សម្ដេចអគ្គសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​​ ដូចមានខ្លឹមសារខាងក្រោម​ ៖ មាត្រា​១ ៖ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម វីរសេនីយ៍ឯក​ សោម គឿន អត្តលេខ ០៩៧០ ។ ទី២ វីរសេនីយ៍ឯក តេង ស៊ីណូ​ អត្តលេខ​ ១៣០៦៩ ។ មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ នឹងសាម៉ីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

តាមប្រកាសស្ដីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អត្តលេខ ៦៣១០៨ អធិការរង ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបថា ការតែងតាំងលោកវរសេនីយ៍ទោ ម៉េង វិមានតារា ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕ (អត្ថបទរូបភាព​ បងម៉េង​)