តារាចម្រៀងភ្លេងការម្នាក់បើករថយន្តខុសបច្ចេកទេស ឆ្លងប្រព័ន្ធភ្លើងឆេះសល់គ្រោងឆ្អឹង តែសំណាងល្អ…


រាជធានីភ្នំពេញ​ ៖ រថយន្តARV4មួយគ្រឿង ខណៈដែលម្ចាស់អ្នកបើកបរជាអ្នកចម្រៀងភ្លេងការ កំពុងតែបើកធ្វើតាមផ្លូវ ស្រាប់តែជួបនូវបញ្ហាបច្ចេកទេសរថយន្ត ដោយឆ្លងភ្លើងចេញពីក្បាលអាគុយ បណ្តាលឲ្យឆេះសន្ធោសន្ធៅ ផ្អើលឆោឡោ ទោះជាមានការអន្តរាគមន៍ពីបងប្អូនប្រជាពលរដ្ឋ ក៏មិនអាចសង្រ្គោះរថយន្តមួយគ្រឿងនេះបាន រហូតដល់មានរថយន្តពន្លត់អគ្គីភ័យចេញទៅជួយទៀត តែហួសពេលទៅហើយ រថយន្តភ្លើងឆេះខ្ទេចសល់តែគ្រោងដែក ម្ចាស់បានត្រឹមឈរសម្លឹងមើលទាំងក្តៅសោកស្តាយ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិស្រែអពិល សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រងគ្រោះ ក្នុងឧប្បត្តិហេតុ អគ្គីភ័យឆេះរថយន្តដោយខ្លួនឯង មានឈ្មោះ ចាន់ សុជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ សិល្បករ ផ្នែកប្រពៃណី «ច្រៀងភ្លេងការ » មានទីលំនៅ ភូមិសំរោងលើ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកឯរថយន្តជួបនូវបញ្ហាបច្ចេកទេសរថយន្តនោះ ម៉ាក RAV4 ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ 2J-3990 ត្រូវបានភ្លើងឆេះខ្ទេច គ្មានសល់ សល់តែគ្រោងដែក ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ត្រូវដំណើរទៅច្រៀងភ្លេងការ នៅឯខាងខណ្ឌទួលគោក ដោយបើករថយន្តខាងលើ កាត់តាមផ្លូវបេតុង ក្នុងភូមិ ស្រែអំពិលដល់ចំណុចកើតហេតុ ស្រាប់តែ មានផ្សែងភ្លើង ឆេះចេញពីបន្ទប់ម៉ាសុីន ក្បាលអាគុយ ភ្លើងឆេះកាន់តែខ្លាំងឡើង ផ្អើលប្រជាពលរដ្ឋចេញមកអន្តរាគមន៍ ជួយដងទឹកជះ តែមិនឈ្នះ មិនអាចទប់ទល់បាន ភ្លើងឆេះខ្ទេចរថយន្តមួយគ្រឿង ។

ហេតុការណ៍ខាងលើ រហូតដល់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ចេញទៅជួយតែហួសពេលទៅហើយ រថយន្តសល់តែឆ្អឹងដែក ម្ចាស់មានត្រឹមឈរសម្លឹងមើលរថយន្តខ្លួនទាំងកតីសោកស្តាយ ៕​ (ម៉េង)