សូម​បង្ហាញ​នូវ​ការស្រឡាញ់​ដោយ​ក្តី​គោរព​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​!!!

សួស្ដី​ចៅៗ​ក្មួយៗ​និង​ជនរួមជាតិ​ទាំងឡាយ​ !!!

​ភ្នំពេញ ៖ ថ្ងៃនេះ​ជា​ថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើ​និយាយ​ជា​ថ្ងៃ​តាម​ចន្ទគតិ​បែបនេះ ប្រហែលជា​គ្មាន​ក្មួយៗ​ចៅៗ​ណា​ចាប់អារម្មណ៍​ទេ​មើលទៅ តែបើ​និយាយថា​ជា​ថ្ងៃ​១៤ កុម្ភៈ ប្រហែល​ជាមាន​អ្នក​ចាប់អារម្មណ៍​ច្រើន អ្នកខ្លះ​ប្រហែលជា​បានរៀបចំ​ផែនការ​រួចរាល់​ហើយ​ផង​ក៏​មិនដឹង ។
​ថ្ងៃនេះ​តា​មិន​ចង់​និយាយ​ពី​រឿង​នយោបាយ​អី​ទេ គ្រាន់តែ​ចង់​និយាយ​ទៅកាន់​ចៅៗ​ដែល​ទើប​ពេញវ័យ​។ ចៅៗ​សុទ្ធតែ​ដឹង​ហើយ​ថា​អ្វីដែល​គួរ​ធ្វើ និង​អ្វីដែល​មិនគួរ​ធ្វើ ជាពិសេស​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​តែម្តង ។ តា​និយាយ​នេះ មិនមែន​ចង់​ជ្រៀត​ជ្រែកចូល​កិច្ចការ​យុវវ័យ​នោះទេ តែ​ការប្រព្រឹត្ត​ខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ក៏​មិនមែនជា​កិច្ចការ​យុវជន យុវនារី​ដែរ ។

​តា​មកដល់​អាយុ​ប៉ុណ្ណេះ តា​ក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​យុវវ័យ​ដែរ តា​ដឹងថា អារម្មណ៍​រំភើប​ពេល​ជួប​អ្នក​ដែល​ខ្លួន​ស្រលាញ់​វា​យ៉ាងដូចម្តេច ។ នៅក្នុង​សម័យ​យុវវ័យ​របស់​តា និង​យាយ ទោះ​ពេលនោះ​យើង​ស្ថិត​ក្នុងសម័យ​សង្គ្រាម​តស៊ូ ទោះជា​ពួកយើង​ស្រលាញ់គ្នា​យ៉ាងណា ក៏​ពួកយើង​នៅតែ​គោរព​គ្នា រក្សា​ប្រពៃណី តស៊ូ​ជាមួយគ្នា​រហូតដល់​ក្លាយជា​ប្តី​ប្រពន្ធ​ដែល​ទទួលស្គាល់​ដោយ​សង្គម ។

​តា​បាន​អាន​អត្ថបទ​របស់​អ្នកស្រាវជ្រាវ​សង្គម​ម្នាក់​ដែល​គេ​បាន​កត់សម្គាល់ថា​ចៅៗ​យុវវ័យ​ឥឡូវ​ហាក់ដូច​ជាមាន​ភាពចាស់ទុំ​ច្រើន បើ​ប្រៀបធៀប​មើល​ពី​ឥរិយាបទ​ឆ្នាំមុនៗ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ ។ ចៅៗ​ភាគច្រើន​ចេះ​គិតគូរ​ហើយ​មិន​ប្រព្រឹត្ត​អ្វីដែល​ផ្ទុយ​នឹង​ប្រពៃណី​ខ្មែរ​ឡើយ ។

ការសិក្សា​នេះ​ធ្វើឱ្យ​តា​សប្បាយចិត្ត ។ ជាការ​ពិត តា​តែងតែ​ចង់ឃើញ​ក្មួយៗ​ចៅៗ​កម្មករ កម្មការិនី​មានកូន​ពូន​ជា​ចៅ​ដោយ​សុភមង្គល ហើយ​សុភមង្គល​ត្រូវតែ​កើតចេញពី​ការរៀបចំ​គ្រួសារ​មួយ​ត្រឹមត្រូវ​តាមច្បាប់ និង​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ អំពើ​ផ្សេង​ពីនេះ នឹងមិន​នាំមក​នូវ​សុភមង្គល​ឡើយ ទាំង​ខាង​ចៅស្រី​ក៏ដូចជា​ខាង​ចៅប្រុស ។ សូម​ចៅៗ បង្ហាញ​នូវ​ការស្រលាញ់​ដោយ​ក្តី​គោរព​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​នេះ ៕