នំក្លែងក្លាយ! កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបសិប្បកម្មផលិតនំក្លែងក្លាយ


នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៩:៣០ នាទី ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញ ការិយា ល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា សហការជាមួយសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចុះធ្វើការបង្ក្រាបករណី វេចខ្ចប់ ចែកចាយ នំកញ្ចប់ក្លែងបន្លំពាណិជ្ជសញ្ញាម៉ាក Lotus និង Bento នៅចំណុច ផ្ទះលេខ ១៥៣ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយការត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាងជាសំបកវេចខ្ចប់នំទាំងពីរប្រភេទខាងលើ សរុបចំនួន ១៥បាវ ស្មើនឹង ៤៥១គីឡូក្រាម ។ វត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចដកហូតយកទៅ រក្សាទុកជាបណ្តោះអាសន្ន នៅនាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំម្ចាស់ទីតាំងឈ្មោះ ឡោ ស៊ុនធឿន ទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមបណ្តឹងរបស់ក្រុមហ៊ុន Srinanaporn Marketing Co.,Ltd. និងការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ហើយករណីនេះបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។