ខឹងមីងស្តីបន្ទោសរឿងដើរលេងដាច់យប់ ក្មួយស្រីរូបនេះបែជាឈឺចិត្តមកលោតទឹកស្លាប់ខ្លួន

ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មានឈ្មោះសួស ស្រីម៉ៅ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត រស់នៅជាមួយម្តាយមីង មុខភោជនីយដ្ឋានកាដូ ជ្រោយចង្វារ បានដើរលេងជាមួយមិត្តភក្តិរហូតដល់ផុងខ្លួនដាច់យប់ លុះត្រឡប់មកផ្ទះវិញក៏ត្រូវម្តាយមីងស្តី បន្ទោសតិចតួច ស្រាប់តែក្មួយស្រីរូបនេះបែរជាឈឺចិត្តស្អិតទ្រូង ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវគេជួយទាន់ លុះមិនទាន់អស់ចិត្ត ស្អែកឡើង ក៏វេចបង្វេចមកឈរលើស្ពានប្រុងលោតទឹកសម្លាប់ខ្លួនជាលើកទី២ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នារីវ័យក្មេងខឹងម្តាយមីងិស្តីបន្ទោសរឿងដើរលេងដាច់យប់ ក៏បែកគំនិតគិតខ្លី ប៉ងលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយ ចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ចដែលប្រចាំការនៅគោលដៅស្ពានជ្រោយចង្វា បានឱ្យដឹងថា នារីវ័យក្មេងខាងលើ ពិតជាប៉ុនប៉ងមកលោតទឹក សម្លាប់ខ្លួនចំនួន២ថ្ងៃជាប់គ្នាមែន ពោលគឺលើកទី១ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នារីខាងលើធ្លាប់បាន មកលោតទឹកម្តងដែរ ពោលគឺដំណាលគ្នាជាមួយនឹងស្ត្រីម្នាក់ផ្សេងទៀត ដែលខូចចិត្តរឿងប្តីប្រុងមកលោតទឹកដូចគ្នា តែត្រូវសមត្ថកិច្ចជួយឃាត់ ទាន់ទាំង២នាក់។ ស្រាប់តែមកដល់វេលាម៉ោង៤និង៥០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បែរជានារីរូបនេះ ប្រុងមកលោតទឹកម្តងទៀត តែមិនបានសម្រេចដដែល ព្រោះត្រូវបានគេជួយទាន់ជាលើកទី២។

ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅស្ត្រីជាម្តាយមីងរបស់យុវតីខាងលើ ឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ សហការី