ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង២៥នាទី លើផ្លូវវិថីផែ ត្រង់ចំណុច កែងរ៉ាP4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងប្រភេទបែនដឹកថ្ម ទិសដៅពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ដាច់ហ្វ្រាំង ជ្រុលចូលទៅបុក រថយន្តចំនួន ០២គ្រឿង ម៉ូតូ០៣គ្រឿង និងផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ។លោកស្នងការរងបន្តងថាជនរងគ្រោះដែលស្លាប់ភេទស្រី មិនស្គាល់អត្តសញ្ញាណ។ ចំណែកអ្នកមានចំនួន៤នាក់ (ស្រី២នាក់) បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធី ៕សហការី