ចាប់បានទាំងម្ចាស់ ចាប់បានទាំងអ្នកលេង គណះបញ្ជាការខណ្ឌជ្រោយចង្វារ​ចុះបង្រ្កាបក្រុមញៀនល្បែងជល់មាន់​ក្នុងមូលដ្ឋាន​

រាជធានី​ ភ្នំពេញ​ ៖​ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១១:៣០ នាទីព្រឹក កម្លាំងចំរុះនៃរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការខណ្ឌ កម្លាំងកងរាជអាវុធហត្ថនិងសណ្តាប់ធ្នាប់ខណ្ឌ បានបង្ក្រាបទីតាំងជល់មាន់​ ស្ថិតក្នុងដីឡូមួយកន្លែង នៅភូមិគៀនឃ្លាំង សង្កាត់​ ព្រែកលៀប ជាលទ្ធផលបានឃាត់បានមនុស្ស៥នាក់ ម៉ូតូ ១២ គ្រឿង និងរថយន្ត០១ គ្រឿង ព្រមទាំងសំភារៈជល់មួយចំនួនដូចជា មាន់ជល់ ៤ ក្បាល និង ជញ្ជីងថ្លឹង ០១ ។

លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វារ​ បានដាក់នូវបទបញ្ជាដ៏មុឺងម៉ាត់​ នឹងមិនអនុញ្ញាត្តិដាច់ខាត​ អោយក្រុមញៀនល្បែងសុីសង​ គ្រប់ប្រភេទ​ មកបង្ករអសន្តិសុខនៅក្នុងមូលដ្ឋានលោកឡើយ​ ។

ព្រោះល្បែងសុីសងនេះ​ វាបំផ្លិចបំផ្លាញសង្គម​ ជាពិសេសក្រុមគ្រួសារ​ អនាគតកូនចៅ​ ជំនាន់ក្រោយៗទៀត​ ។

សូមបញ្ជាក់ផងដែរពួកខ្មោចល្បែងទាំងនេះ​ ត្រូវបានអាជ្ញាធរ​ ក៏ដូចជាសមត្ថិកិច្ច​ បង្រ្កាប​ នឹងណែនាំជាច្រើនដងមកហើយ​ នៅតែយកពេលវេលាដ៏មានតំលៃ​ ទៅប្រព្រឹទ្ធអាល្បែងពាលាអាវ៉ាសែ​ ហើយអាចជាបន្ទុកដ៏កខ្វក់របស់សង្គម​ ដូច្នេះសូមបងប្អូន​ មេត្តាកុំយកតំរាប់តាមអោយសោះ​ ។

ចំពោះមនុស្ស​ និងវត្ថុតាងរដ្ឋបាលខណ្ឌបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ចាត់ចែងតាមនីតិវិធីច្បាប់ ៕សហការី