ក្រុមក្មេងស្ទាវដើរលេងយប់ ដេញវៃគ្នាយ៉ាងប្រសេកប្រសាចពេញផ្ឡុវ នៅចាក់អង្រែក្រោម

​ភ្នំពេញ ៖ យ៉ាងហោចណាស់​ យុវជន៣នាក់បានរងរបួស ក្នុងហេតុការណ៍អំពេីហិង្សារវាង ក្មេងស្ទាវ២ក្រុម ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ទេីបចេញពី រ៉េនក្លឹប ត្រូវបានក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង តាមពីក្រោយយកខ្សែក្រវ៉ាត់ដេញវាយ​គ្នា ទេីបក្រុមក្មេងស្ទាវ១២នាក់នោះ​ នាំគ្នារត់ប្រសាចពេញថ្នល់ រួចរេីស​ដុំថ្ម​ ដុំឥដ្ឋ​ គប់ទៅលេីក្រុមក្មេងស្ទាវដែលជិះម៉ូតូទាំងនោះ​វិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​កាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ស្ថិតនៅជិតសកលវិទ្យាល័យ IIC លេីកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បេីសម្ដីយុវជនម្នាក់ដែលជាអ្នកកាន់ដុំថ្ម​ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយេីងថា​ នៅមុនពេលកើតហេតុ​ រូបគេនិងមិត្តភ័ក្ត១១នាក់ទៀត​ បានមករាំកម្សាន្តនៅក្នុងក្លឹបមួយឈ្មោះថា “​រ៉េនក្លឹប RAIN CLUB” នៅចាក់អង្រែក្រោម​ ដែលមានចម្ងាយប្រហែល៨០០ម៉ែត្រ​ពីចំណុចកេីតហេតុខាងលេី​ ហេីយបានហៅស្រាបៀរផឹកស៊ី​ រាំលេងកម្សាន្ត ដោយមិនបានប៉ះពាល់អ្នកណានោះទេ​ ។
យុវជនខាងលេីបន្តថា​ តែពេលកំពុងរាំកម្សាន្តនោះ​ មានយុវជនម្នាក់​បានលេីកដៃចង្អុលមកកាន់មិត្តភ័ក្តរបស់ខ្លួន​ រួចរាំឌឺដងបន្ថែមទៀត តែរូបគេបានហាមមិនអោយមិត្តភ័ក្តចាប់អារម្មណ៍ទៅលេីភាគីម្ខាងទៀតទេ​ ព្រោះគិតថាមករាំលេងសប្បាយ​ មិនមែនមកបញ្ចេញសាច់ដុំដាក់គ្នា​ នាំតែកេីតមានហិង្សាវាយគ្នារញ៉េរញ៉ៃ​តែប៉ុណ្ណោះ​ ទេីបរូបគេនាំគ្នាផឹកនិងរាំកម្សាន្តរហូតអស់ស្រា​ ក៏បបួលមិត្តភ័ក្តរបស់ខ្លួន១១នាក់ទៀត ត្រលប់ទៅផ្ទះវិញ ដោយដេីរ​ថ្មេីជេីងទិសដៅពីត្បូងទៅជេីង​ ។

យុវជនដដែលបន្តថា លុះពេលដេីរមកជិតដល់សកលវិទ្យាល័យ IIC ដែលជាចំណុចកេីតហេតុនោះ​ ស្រាប់តែឃេីញក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ជិះតាមមកពីក្រោយ រួចយកខ្សែក្រវ៉ាត់ ដេញវាយមិត្តភ័ក្តរបស់ខ្លួន៣នាក់ ដែលដេីរក្រោយគេ បណ្ដាលរងរបួសម្ចាក់ត្រូវជេីង​ ២នាក់របួសត្រូវដៃ​ ហូរឈាមប្រលាក់ពេញដៃផងដែរ​ ហេីយរូបគេក៏ស្រែកឆោឡោគេវាយគ្នាយេីងហេីយ​ ទេីបមិត្តភ័ក្តជាច្រេីនទៀតដែលដេីរមកដល់មុខ​មុននោះ នាំគ្នាស្ទុះរត់ប្រសាចពេញថ្នល់ រេីស​ដុំថ្ម​ ដុំឥដ្ឋ​ គប់ទៅលេីក្រុមក្មេងស្ទាវដែលជិះម៉ូតូទាំងនោះ​វិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ រាយការណ៍​ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះអន្តរាគមន៍ភ្លាមៗផងដែរ។
គ្រាន់តែឃេីញកម្លាំងល្បាតមកភ្លាម​ ក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់នោះ​ ឡេីងជិះម៉ូតូចេញទៅតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង​ បាត់ស្រមោល​អស់​ ហេីយកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ក៏សាកសួរនាំ​អ្នកណាជាដេីមហេតុ​ ទេីបពួកគេឆ្លេីយថា​ ពួកគេត្រូវ​ ក្រុមក្មេងស្ទាវមួយក្រុមទៀត​ ជិះមកវាយពីក្រោយ​ បណ្ដាលឲ្យមានអ្នករបួស៣នាក់ផងដែរ​ ។​ ហេីយសមត្ថកិច្ចក៏បានណែនាំអោយត្រលប់ទៅផ្ទះលាងរបួសសិន​ ឬអាចដាក់ពាក្យបណ្ដឹងបាន​ ។

ហេីយស្រាប់តែឃេីញក្រុមក្មេងស្ទាវដែលជិះមករត់ទៅបាត់នោះ​ ជិះបកត្រលប់មកវិញ​ ទេីបក្រុមក្មេងស្ទាវទាំង១២នាក់នោះ​ ទាញដុំថ្ម​ ដុំឥដ្ឋ​ បម្រុងគប់សំដៅទៅលេីក្រុមក្មេងស្ទាវទាំងនោះ​ តែត្រូវបានសមត្ថកិច្ចធ្វេីការ​រារាំង​មិនអោយ​ប្រព្រឹត្តិ​អំពេីបែបនេះទេ​ តែក្រុមក្មេងស្ទាវទាំង១២នាក់នោះ​ ក៏លេីក​ដុំថ្ម​ ដុំឥដ្ឋ​ បង្ហាញសមត្ថកិច្ចថា​ ពួកគេគ្រាន់តែជាអ្នករងរបួស​ ដូច្នេះហេីយសុំកាន់ដុំថ្មទាំងនោះ​ នៅជាប់ដៃដេីម្បីការពារខ្លួន​ ខ្លាចក្រុមក្មេងស្ទាវទាំងនោះត្រលប់មកវិញទៀត ។

បច្ចុប្បន្នក្រោយពីកើតហេតុ​ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម បានជិះម៉ូតូតាមក្រុមក្មេងស្ទាវទាំង១២នាក់នោះ​ រហូតដល់កន្លែងស្នាក់នៅវិញ ដោយសុវត្តិភាព​ ហេីយត្រលប់មកល្បាតតាមភូមិសាស្ត្រដដែល។

សូមបញ្ជាក់ថា​ ចំពោះក្លឹបកំសាន្តរ៉េន(Rain) កន្លងទៅក៏មាន​ បុរសម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ សុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain Club) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវ បំពងសំឡេងចេញមកក្រៅ រហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពួនបានឡើយ ។ ហេីយការលើកឡើងស្នើសុំនេះ គឺក្នុងឱកាសវេទិកាសាធារណៈមួយ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងរោងអ្នកតាចិន (ដើមពោធិ៍) ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ឆ្លេីយតបការស្នេីសុំរបស់ប្រជាពលរដ្ឋ​ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថាក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ។ លោកថា លោកបានធ្វើការណែនាំដល់ថៅកែក្លឹប ឲ្យធ្វេីការកែសម្រួលឡើងវិញជាបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសម្រួល​ច្រកសុវតិ្ថភាព​ឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើង​ស្វ័យប្រវត្តិ​ (Auto) ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គីភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាព សម្រាប់ចេញ និងអំពូលភ្លើងស្វ័យប្រវត្តិនោះជួយបំភ្លឺផងដែរ ៕