សមត្ថកិច្ចប្រមាណ៧០០នាក់ ដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅទីតាំងមណ្ឌលប្រលងសញ្ញាបត្រទុតិយភូមិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ ៖ តាមការបញ្ជាក់អោយដឹងពី លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០៨ តុលានេះ កម្លាំងសមត្ថកិច្ចប្រមាណ៧០០នាក់ត្រូវបានដាក់ពង្រាយការពារ សន្តិសុខ សណ្តាប់ធ្នាប់ មណ្ឌលប្រលងសញ្ញាបត្រទុតិយភូមិ នៅតាមទីតាំងទាំង៣២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨និង០៩ តុលាឆ្នាំ២០២៤នេះ ។
លោកបានបន្ថែមអោយដឹងថាក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយអនុវត្តទៅតាមផែនការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិនិងរដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ចេញនូវកិច្ចការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរយរយនា ឳកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុបឆ្នាំ២០២៤នេះ។
លោក វរសេនីយ៍ឯក សំ វិច្ឆិកាបានអោយដឹងថា កិច្ចការពារនេះត្រូវអនុវត្តអោយបានម៉ឺងម៉ាត់សំដៅធ្វើយ៉ាងណាអោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយរលូននិងសុខសុវត្ថិភាពជាមួយគ្នានោះសមត្ថកិច្ចក៏បានចូលរួមក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងក្នុងពេលប្រឡងនេះផងដែរ។
គួរបញ្ជាក់ថាសំរាប់សម័យប្រឡងបាក់ឌុបដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ០៩ តុលាឆ្នាំ២០២៤នេះមានបេក្ខជនចូលរួមប្រឡងប្រមាជាង១៣ម៉ឺន៧ពាន់៤០ក្នុងនោះស្រីចំនួន៧ម៉ឺន៤ពាន់៨៨២នាក់នាក់នៅទូទាំងប្រទេស៕