សូមកាត់បន្ថយការដឹកលើសចំនួនកំណត់ ការស្លាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃបានកើនឡើងច្រើងជាងឆ្នាំ ២០២៣
ភ្នំពេញ : លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃបានកើតឡើងចំនួន ៣៤លើក និងបង្ករបួសស្នាមដល់អ្នកធ្វើដំណើរតាមដងផ្លូវចំនួន៥០នាក់។ នេះជាតួលេខថយចុះច្រើន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ទោះបីជាចំនួនគ្រោះថ្នាក់ចរាចរណ៍ និងការបង្ករបួសស្នាមបានថយចុះក៏ដោយក៏លោក ឆាយ គឹមខឿនមិនភ្លេចបញ្ជាក់ថា ការស្លាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃបានកើនឡើងចំនួន ៣០នាក់ ខណៈនៅឆ្នាំ២០២៣ មានតែ ២២នាក់ប៉ុណ្ណោះ។
ចំណែកនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង និងការបត់មិនពិនិត្យឱ្យបានច្បាស់លាស់៕