ឪពុកមាសាច់ថ្លៃសារភាពប្រាប់មូលហេតុ ក្រោយផ្តា.ច់ជីវិតក្មួយស្រីនៅក្បែរចង្កេះភ្នំ
ខេត្តបាត់ដំបង ៖ ជុំវិញការប្រទះឃើញគ្រោងឆ្អឹងក្មេងស្រីអាយុ១០ឆ្នាំម្នាក់ នៅលើចង្កេះភ្នំ ក្នុងទឹកដី ស្រុកបាណន់ ដែលគេសង្ស័យថា ជាអំពើ«ឃាតកម្ម» ទីបំផុតកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និង ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវពូថ្លៃរបស់កុមារីរងគ្រោះ កាលពីរសៀលថ្ងៃទី ០១ តុលា នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់។ គួររំលឹកថា បា.ត់ខ្លួនកូនស្រីកន្លះខែ ស្រាប់តែប្រទះឃើញគ្រោ.ងឆ្អឹ.ងនាងនៅចង្កេះភ្នំ
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ មៀន រ៉ា អាយុ៤១ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ដែលត្រូវជាពូថ្លៃកុមារីរងគ្រោះ។ ជននេះត្រូវកម្លាំងអធិការស្រុកបាណន់ ដែលមានកិច្ចសហការជាមួយកម្លាំងការិយាល័យជំនាញផង បានធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញាជនសង្ស័យ ទើបឈានដល់កាតឃាត់ខ្លួនជនសង្ស័យខាងលើនេះតែម្ដង។
យោងតាមរបាយការណ៏ អធិការស្រុកបាណន់ លោក សំ វីរៈ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ មៀន រ៉ា ខាងលើនេះ បន្ទាប់ពីកម្លាំងជំនាញ ចុះពិនិត្យកន្លែងកើរហេតុ និង ទទូលបានការបំភ្លឺនានា ពីក្រុមគ្រួសារជនរងគ្រោះ ពីប្រភពនានា និង ធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ទើបកំណត់បានមុខសញ្ញា ទើបលោកស្នងការបញ្ជាឲ្យឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីនាំយកទៅសួរនាំ។
បើតាមរបាយការណ៏ដដែល លោកអធិការបានបញ្ជាក់ថា ក្រោយសួរនាំ ជនសង្ស័យ ឈ្មោះ មៀន រ៉ា បានសារភាពទទូលស្គាល់ថា ខ្លួនពិតជាអ្នកសម្លាប់ក្មួយស្រី ដោយល្បូងក្មួយស្រី ដឹកយកទៅសម្លាប់នៅតំបន់ភ្នំទទឹង ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ព្រោះតែខឹងក្មួយស្រី «ដឹងរឿងប្រពន្ធខ្លួនមានសាហាយ និង សេពថ្នាំញៀន តែមិនព្រមនិយាយប្រាប់ខ្លួន»។ កុមារីរងគ្រោះឈ្មោះ ឡុញ នីតា អាយុ១០ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់។ នាងបានបាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី ១៤ កញ្ញា ដោយគ្មានដំណឹងឡើយ។
ក្រោយបាត់ដំណឹងកូនស្រី ស្ងាត់ឈឹងបែបនេះ នៅថ្ងៃទី ១៥ កញ្ញា ម្ដាយរបស់នាងក៏បានប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ស្វែងរក។ ការបាត់ដំណឹងសូន្យឈឹងបែបនេះ ធ្វើឲ្យក្រុមគ្រួសារ មានការព្រូយបារម្ភយ៉ាងខ្លាំង និង បានចេញស្វែងរកគ្រប់ទិសទី តែគ្មានដំណឹងឡើយ។ លុះនៅព្រឹកថ្ងៃទី ៣០ កញ្ញា ស្រាប់តែមានគេផ្ដល់ដំណឹងថា អ្នកគង្វាលគោម្នាក់ បានប្រទះឃើញគ្រោងឆ្អឹងសាកសព នៅលើចង្កេះភ្នំទទឹង ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់់។
ក្រោយទទូលបានព័ត៏មាននេះ សមត្ថកិច្ចបានចុះពិនិត្យភ្លាមៗ ហើយក៏កំណត់បានអត្តសញ្ញាណជនរងគ្រោះភ្លាមៗ គឺជាកុមារីឈ្មោះ ឡុញ នីតា យ៉ាងពិតប្រាកដ ដោយយោងលើសម្លៀកបំពាក់ និង ភិនភាគផ្សេងៗទៀត ដែលក្រុមគ្រួសារបានប្រាប់។
ជុំវិញការស្លាប់យ៉ាងអាណោចអធម័របស់កុមារី ឡុញ នីតា នេះបើតាមយោងចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ មៀន រ៉ា បាននិយាយប្រាប់សមត្ថកិច្ចថា «ខ្ញុំពិតជាបានសម្លាប់ក្មេងស្រីឈ្មោះ ឡុញ នីតា មែន។ ហើយនាងត្រូវជាក្មួយថ្លៃរបស់ខ្ញុំ»។ ជនតិរច្ឆាននេះបាននិយាយថា កន្លងមកខ្លួនធ្លាប់មានគំនិតថា នឹងដឹកនាងទៅកន្លែងស្ងាត់ ដើម្បីសួរនាំនាងពីរឿង «ប្រពន្ធរបស់ខ្លួន… តែគ្មានឪកាស»។ ជនដៃដល់រូបនេះ បានផ្ដល់ចម្លើយទៀតថា រហូតដល់ម៉ោង៣រសៀល ថ្ងៃទី១៤ កញ្ញា ខ្លួនបានជិះម៉ូតូស្វែងរក្មួយស្រី (ជនរងគ្រោះ)។ ពេលជួបខ្លួនបានលួងលោមក្មួយស្រីឲ្យឡើងជិះម៉ូតូ រួចដឹកទៅកាន់កន្លែងកើតហេតុខាងលើ។
ជននេះបានប្រាប់ថា ពេលដឹកដល់ចំណុចកើតហេតុ (ភ្នំទទឹង) ខ្លួនបានធ្វើសកម្មភាព យកដុំថ្មវាយក្បាលនាងពីក្រោយ និង វាយខាងមុខរហូតដល់ស្លាប់ រួចក៏លើកសពនាងបោះចូលកន្លៀតថ្មក្បែរចង្កេះភ្នំ ហើយខ្លួនក៏ដើរទៅជិះម៉ូតូត្រឡប់មកផ្ទះវិញ។ ជននេះបានបញ្ជាក់ពីមូលហេតុ ដែលខ្លួនសម្រេចចិត្តសម្លាប់ក្មួយស្រីយ៉ាងដូច្នេះថា គឺដោយសារតែ «ខឹងក្មួយស្រីដឹងរឿងប្រពន្ធរបស់ខ្លួន មានសាហាយស្មន់ តែមិនព្រមប្រាប់ខ្លួន»។
នេះជាចម្លើយសារភាពរបស់ជនជសង្ស័យខាងលើនេះ។ យ៉ាងណា បើតាមស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា បានបញ្ជាក់ថា ពេលនេះជនសង្ស័យកំពុងសួរនាំ នៅអធិការស្រុកបាណន់ ដើម្បីចាត់ការតាមនីតិវិធី៕