ឆេះរថយន្ដដឹកសិស្សសាលាមត្តេយ្យនៅប្រទេសថៃ ស្លា.ប់កុមារ និងគ្រូ ២៥នាក់

រដ្ឋាភិបាលថៃ បាននិយាយថា មនុស្សប្រហែល ២៥នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងហេតុការណ៍ឆេះរថយន្ដក្រុងដឹកសិស្សសាលា និងលោកគ្រូ សរុប ៤៤នាក់ នៅប្រទេសថៃ នាថ្ងៃអង្គារ នេះ នៅពេលដែលរថយន្តក្រុងធ្វើដំណើរទស្សនកិច្ចនៅជាយក្រុងបាងកក។

 

ទាក់ទិននឹងបញ្ហានេះ ប៉ូលិសមិនអាចបញ្ជាក់បានភ្លាមៗ អំពីចំនួនអ្នករបួស ឬអ្នកស្លាប់នៅឡើយនោះទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anutin Charnvirakul បានប្រាប់អ្នកយកព័ត៌មានថា មានមនុស្ស ២៥នាក់ត្រូវបានគេជឿថាត្រូវបាត់បង់ជីវិត ខណៈអ្នកដំណើរ ១៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនសង្រ្គោះនៅមន្ទីរពេទ្យ។

 

ជាមួយគ្នា លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បាននិយាយថា សិស្សទាំងនោះកំពុងធ្វើទស្សនកិច្ចសិក្សាពីខេត្ត Uthai Thani ចម្ងាយប្រហែល 250 គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីបាងកក។

 

លោកស្រីបាននិយាយនៅក្នុងបណ្តាញសង្គមនៅលើ X ថា «ក្នុងនាមជាម្តាយ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារជនរងគ្រោះ»៕