សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)
ភ្នំពេញ : នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះបានប្រព្រឹត្តទៅ ក្នុងឱកាសមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និងសម្ដេចទាំងទ្វេក៏បានអញ្ជើញពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។
នៅថ្ងៃនេះសម្តេចតេជោបានមានប្រសាសន៍ដាក់ចេញជាកាតព្វកិច្ចតែម្ដង សម្រាប់មជ្ឈមណ្ឌលនេះ ទាក់ទងទៅនឹងការអប់រំដល់ចៅៗ កូនៗទាំងអស់នៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាលការអប់រំឲ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររង។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចៅៗណាដែរប្រឡងមិនជាប់បាក់ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្ររង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិត
អភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ។ ជាថ្មីម្ដងទៀត នៅក្នុងឱកាសនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរករដល់ជនដែលប្រព្រឹត្តអំពើអាណាចារ្យមកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះវាជាទង្វើអាក្រក់ដ៏ជូជាតិបំផុត ដែលសង្គមមិនអាចទទួលយកបាននោះទេ។
នៅថ្ងៃនេះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ និងសន្យាថា នឹងនៅតែបន្តគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ជាបន្តទៀត ហើយបើអត់ពីសម្ដេចទៅ មជ្ឈមណ្ឌលនេះ ក៏នឹងបន្តការគាំទ្របន្តទៀត ពីសំណាក់នាយករដ្ឋមន្ត្រី គឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបន្តយកចិត្តទុកដាក់ និងផ្គត់ផ្គង់មជ្ឈមណ្ឌលនេះតទៅទៀត
មិនឱ្យក្មួយៗ ចៅៗ អស់សង្ឃឹមនោះទេនៅថ្ងៃខាងមុខ។
នៅថ្ងៃនេះ សម្ដេចតេជោក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ហើយត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវអោយពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារនោះ។
នៅថ្ងៃនេះផងដែរ ក្រៅពីការរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសានោះ សម្ដេចតេជោក៏បានឧបត្ថម្ភជាថវិកា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ ទាំងកូនៗចៅៗ ចំនួន១៧២នាក់ និងលោកគ្រូអ្នកគ្រូគ្រូចំនួន៣២នាក់ សរុប២០៤ នាក់
ក្នុងម្នាក់៥០ម៉ឺនរៀល។ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរឲ្យលោកគ្រូ អ្នកគ្រូ និងកូនៗ ចៅៗទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងជោគជ័យក្នុងជីវិត៕