សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអាគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ដល់វិទ្យាល័យព្រៃព្នៅ និងឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន ១៥.០០០ដុល្លារអាមេរិក
ភ្នំពេញ៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រុមការងារ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកពារាំង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ជាសិស្សរៀននៅថ្នាក់ទី ១០H នៃវិទ្យាល័យព្រៃព្នៅ ស្ថិតនៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានច្រៀងចម្រៀងមួយបទមានចំណងជើងថា “ស្ពានសាងស្នេហ៍” កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ដោយមានការពេញចិត្តនិងអាណិតស្រលាញ់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន ១៥.០០០ដុល្លារសហរដ្ឋអាមេរិក ព្រមទាំង បានឧបត្ថម្ភសាលារៀន ១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់វិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្ដីត្រូវការរបស់វិទ្យាល័យ ដែលនេះគឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេ ដែលតែងតែមានចំពោះប្រជាពលរដ្ឋទូទៅ ហើយក៏ជាកិត្តិយសនិងមោទនភាពបំផុតសម្រាប់យុវសិស្ស និង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកពារាំង ខេត្តព្រៃវែងផងដែរ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហា ប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាត ឡើយ៕