២នាក់ប្ដីប្រពន្ធតខ្សែភ្លើងជាប់រុឺម៉កការពារខ្លាចចោរលួច បែរជាឆក់ក្មេងស្លា.ប់ ហេីយដឹកសពគ្នាយកទៅចោលដល់ខេត្តកំពង់ឆ្នាំង ខណៈពេលសមត្ថកិច្ចកំពុងតាមចាប់ ជនសង្ស័យអស់ផ្លូវរត់ ក៏ត្រលប់មកសារភាព នៅប៉ុស្តិ៍នគរបាលសំរោងក្រោម
(តខ្សែភ្លេីងធ្វើបែបនេះងាយនឹងភ្លាត់ស្នៀតណាស់
បើមិនស្លាប់គេ ក៏ប៉ះគ្រួសារខ្លួនឯងថ្ងៃណាមួយដែរ)
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធតរាយខ្សែភ្លើងចាប់ជាប់រុឺម៉កម៉ូតូលក់បន្លែ ការពារចោរលួច បែរជាឆក់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយដឹកសពក្មេងរងគ្រោះយកទៅទម្លាក់ប្លុងចោលនៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រួចបន្តគេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តព្រះវិហារ តែដឹងខ្លួនឯងរត់គេចពីសំណាញ់ច្បាប់មិនរួច ទើបនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ចូលខ្លួនសារភាពនៅប៉ុស្តិ៍នគរបាលសំរោងក្រោមវិញ ហើយត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅចង្អុលបង្ហាញកន្លែងប្លុងសពចោល នៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
តាមក្រុមគ្រួសារបានឲ្យដឹងថា បាត់ចៅប្រុសយូរពេកមិនឃើញត្រឡប់ទៅកន្លែងដេកវិញ ក្រោយចេញមកនោមនៅខាងក្រៅ ដោយមានការសង្ស័យក៏នាំគ្នាឆែកកាំមេរ៉ាសុវត្ថិភាពមើល ទើបដឹងរឿងចៅស្លាប់ ដោយសារឆក់ខ្សែភ្លើងដែលប្ដីប្រពន្ធ២នាក់តភ្ជាប់និងរ៉ឺម៉កការពារកុំឲ្យចោរលួច ក៏នាំគ្នាតាមរកសពគ្រប់ច្រកល្ហក សង្ស័យគេយកទៅផ្លុងចោលខាងក្រោយផ្ទះ តែរកមិនឃើញទេ ចំណែក២នាក់ប្ដីប្រពន្ធម្ចាស់រ៉ឺម៉កឃើញក្មេងស្លាប់ភ័យពេក ក៏ដឹកយកសពក្មេងរងគ្រោះ ទៅចោលបំបាត់ភស្តុតាង រួចនាំគ្នារត់គេចខ្លួនទៅបាត់អស់ មុននិងចេញទៅបានទិញសាំងពីរទៅបីលីត្រ មិនដឹងជាយកទៅធ្វើអ្វីនោះទេ ក្រោយមកសាច់ញាតិក្មេងរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១:០០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ក្មេងរងគ្រោះមានឈ្មោះ សន វណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ ។
តាមចម្លើយសារភាព ជនសង្ស័យបានតរាយខ្សែភ្លើងចាប់ជាប់នឹងរុឺម៉កលក់បន្លែ ដាក់ចតទុកមុខបន្ទប់ជួល ការពារចោរលួច ស្រាប់តែនៅវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្មេងរងគ្រោះដើរទៅប៉ះឆក់បណ្តាលឱ្យស្លាប់ លុះដល់វេលាម៉ោង៤ទៀបភ្លឺ ចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ២នាក់ប្តីប្រពន្ធក្រោកចេញពីបន្ទប់ ដើម្បីបើករុឺម៉កទៅរកទិញ លក់បន្លែនៅផ្សារជម្ពូវ័ន ស្រាប់តែឃើញក្មេងរងគ្រោះស្លាប់ ក៏លើកសពក្មេងទៅគ្របលាក់ទុកនៅដីវាលខាងក្រោយផ្ទះ ទិញទាំងសាំង គិតថាបម្រុងដុតសាកសពចោលបំបាត់ភស្តុតាងដែរ តែខ្លាចបែកការក៏លើកសពក្មេងដាក់លើរុឺម៉កបើកតែម្នាក់ឯង ដឹករហូតដល់ភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហេីយបោះប្លុងចោលនៅដីវាល រួចលក់រុឺម៉កម៉ូតូបានលុយយកធ្វើសោហុយ បន្តរត់គេចទៅផ្ទះបងប្អូននៅឯខេត្តព្រះវិហារ ។ ចំណែកប្រពន្ធវិញ បន្ទាប់ពីប្តីដឹកសពក្មេងរងគ្រោះចេញទៅបាត់ហើយ ក៏ប្រមូលអីវ៉ាន់ចេញពីបន្ទប់ជួលទាំងយប់ រត់គេចខ្លួនទៅតាមក្រោយដែរ ។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រត់គេចទៅដល់ផ្ទះបងប្អូននៅឯខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តែឃេីញសុខៗរត់មកស្នាក់នៅជាមួយបែបនេះ បងប្អូននៅខេត្តព្រះវិហារក៏សួរនាំដឹងរឿងរ៉ាវ មិនអនុញ្ញាតិឱ្យស្នាក់នៅ ធ្វើឱ្យជនសង្ស័យ២នាក់ប្ដីប្រពន្ធ បន្តរត់គេចបម្រុងទៅខេត្តប៉ៃលិន តែដឹងខ្លួនរត់មិនរួចពីសំណាញ់ច្បាប់ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ផងនោះ ទេីបនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ជនសង្ស័យ២នាក់ប្ដីប្រពន្ធជាម្ចាស់រ៉ឺម៉កនោះ បាននាំគ្នាចូលខ្លួនសារភាពនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ តែម្តង ។
ជនសង្ស័យក្រោយចូលសារភាពហេីយ សមត្ថកិច្ចជំនាញចម្រុះ មានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារអង្គការអង្គភាពការពារកុមារ CPU បាននាំខ្លួនបុរសស្ត្រី២ប្រពន្ធខាងលេី ទៅចង្អុលបង្ហាញកន្លែងដែលប្លុងសាកសពក្មេងរងគ្រោះចោល នៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕