ឯកឧត្ដម ឃួង ស្រេង ៖ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ដូច្នេះត្រូវបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយទេ!



(រាជធានីភ្នំពេញ​)៖ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ក្នុងនាមជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះក្រុមប្រឹក្សាត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។


លោក ឃួង ស្រេង បានលើកឡើងថា ក្រុមប្រឹក្សាអាណត្តិទី៣ គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋានការសង្គ្រោះប្រជាពលរដ្ឋ ការការពារសន្តិសុខ ក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន ពោលត្រូវប្តេជ្ញាចិត្តរួមគ្នា អភិវឌ្ឍន៍ប្រទេស ឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចរបស់មូលដ្ឋាន ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតដែលយើងត្រូវកែលំអរអោយមានសោភណ្ឌភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើង កុំឲ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឃួង ស្រេង បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែខុសភា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ និងអនុវត្តកិច្ចការនានាត្រឹមត្រូវតាម ច្បាប់ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក្នុងនោះគណបក្សនយោបាយចំនួន៥គណបក្ស បានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន៨៩៩នាក់ ចែកចេញជា ១៤ការិយាល័យបោះឆ្នោត។
ជាលទ្ធផល សម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្ស ប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥/២៧ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ២/២៧ អាសនៈ។ ដោយឡែក ចំពោះក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥៣/២៧០ អាសនៈ និងគណបក្ស ឆន្ទៈខ្មែរ ទទួលបានអាសនៈ ១៧/២៧០ អាសនៈ ក្នុងនោះ តំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធាន ក្រុមប្រឹក្សាខណ្ឌទាំង១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់​ ។ ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រកាសឲ្យចូលកាន់តំណែងនៅពេលនេះ មានចំនួន១៩រូប ក្នុងនោះ លោក ព្រុំ សំខាន់ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤នេះ៕