ផ្ទុះការវែកញែក! ពីរនាក់ប្ដីប្រពន្ធកម្លាំងនៅពេញ បែរជាពកូនតូចមកអង្គុយសុំទានកណ្ដាលថ្ងៃចែស
ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះរឿងរ៉ាវកំពុងកើតឡើងស្ទើរតែពាសពេញសង្គមខ្មែរបច្ចុប្បន្ន បង្ហាញពីស្ថានភាពអ្នកសុំទានមួយគ្រួសារ មានប្ដី ប្រពន្ធ និង កូនតូច អង្គុយសុំទានកណ្ដាលថ្ងៃចែស ធ្វើឱ្យមានការជជែកវែកញែកជាច្រើនពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។
គណនីហ្វេសប៊ុកនោះ បានបង្ហាញរូបថតមួយសន្លឹករបស់គ្រួសារអ្នកសុំទានខាងលើ ដែលកំពុងអង្គុយសុំទាននៅតាមចិញ្ចើមផ្លូវ ហើយបញ្ចេញយោបល់ផ្ទាល់ខ្លួនថា ៖ «មើលរូបនេះហើយ សម្រាប់ខ្ញុំគិតថា មិនគួរឱ្យលុយទៅពួកគាត់ទេ មិនមែនកំណាញ់ មិនមែនស្អប់ មិនមែនរើសអើង មិនមែនឃើញអត់ហើយមិនជួយ! តែខ្ញុំចង់ជួយឱ្យពួកគាត់គេចចេញពីភាពខ្ជិលបែបនេះ និង ចង់ឱ្យក្មេងមានអនាគត! និងជួយកាត់បន្ថយចំពោះមនុស្ស១ចំនួនយកមុខការសុំបែបនេះធ្វើជាអាជីព»។
ប្រភពខាងលើបន្តថា ៖ «ពួកគាត់ទាំង 2 នាក់ មើលទៅនៅមានកម្លាំង ដៃជើងមិនពិការទេ តែសុខចិត្តពរកូនសុំទានគេ! មូលហេតុដែលខ្ញុំគិតថាមិនគួរឱ្យ គឺបើយើងនៅបន្តឱ្យគាត់ជារឿយៗ កាន់តែធ្វើឱ្យពួកគាត់ ខ្ជិលច្រអូសកាន់តែខ្លាំង ព្រោះអាងគិតថាសុំដឹងតែគេឱ្យហើយ មិនបាច់ធ្វើការនាំតែហត់ តាមពិតពួកគាត់មិនមែនអត់ទេ បើសិនពួកគាត់មិនខ្ជិលបែបនេះ ហើយកូនគាត់ក៏មិនត្រូវមកអង្គុយហាលក្តៅចឹងដែរ អ្វីដែលពួកគាត់អត់ពិតប្រាកដនោះគឺអត់គំនិត និង ភាពខ្ជិលច្រអូសច្រើនជាង។ សុំទោសនេះជាការគិតឃើញទេ។ អាណិតកូនគ្នាមិនដឹងអី មកអង្គុយហាលក្តៅដែរ»។
ក្រោយការបង្ហោះមួយនេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបញ្ចេញមតិយោបល់អាណិតដល់ក្មេងតូចដែលមិនដឹងអ្វី ហើយក៏ចង់ឱ្យអ្នកមានកម្លាំងពេញលេញមួយចំនួនដែលមិនខិតខំប្រឹងប្រែងធ្វើការ តែបែរជាជ្រើសយកការសុំទានជាមុខរបរ គួរផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ដើម្បីអនាគតខ្លួនឯង និង កូន៕