សម្ដេចម៉ែ ចេញព្រះរាជសារ ពាក់ព័ន្ធឧបទ្ទវហេតុអគ្គីភ័យ នៅព្រះរាជដំណាក់ខេត្តសៀមរាប
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជសារសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិ និង អន្តរជាតិ ដែលបានសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍នៃឧបទ្ទវហេតុយ៉ាងតក់ស្លុត និង រន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គិភ័យឆាបឆេះនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:០៥ នាទី កន្លងទៅ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ នេះ។
តាមរយៈព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និង មន្ត្រីនៃក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ក្រុមប្រឹក្សា និង គណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ។
តាមរយៈព្រះរាជសារ ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និង អត្ថន័យជាតិដ៏ធំធេងជាមួយនឹងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញយុទ្ធនាការនៅបរទេសមានបារាំង កាណាដា អាមេរិក ជប៉ុន និង ថៃឡង់។ ព្រះករុណា ព្រះមហាវីរៈក្សត្រវររាជបិតាជាតិខ្មែរ បរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួមដ៏សកម្ម និង ដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ពឹងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។
រវាងខែមិថុនា ដល់ខែវិច្ឆិកា ១៩៥៣ សម្ដេចព្រះមហាក្សត្រីមានមហាកិត្តិយសបានដង្ហែ ព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូលនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕