សាច់ជ្រូក មាន់ទា ត្រី និង គ្រឿងក្នុងខូចគុណភាពជាង ៨ តោន ត្រូវអាជ្ញាធរចាប់បាន ហើយដុតចោលទាន់ពេល
នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប រាជធានីភ្នំពេញ និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានរៀបចំពិធីដុតកម្ទេចម្ហូបអាហារខូចគុណភាពទម្ងន់ជាង ៨ តោន។
យ៉ាងណាមិញ ការដុតកម្ទេចចោលអាហារខូចគុណភាពនេះត្រូវបានធ្វើឡើងនៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទសាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់។
គួរបញ្ជាក់ផងដែរថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនោះរួមមាន សាច់ជ្រូក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និង អាហារផ្សេងៗទៀត ដោយម្ហូបអាហារទាំងនេះបានខូចគុណភាព ហើយមានឈ្មួញខិលខូចបានបន្លំយកមកដាក់លក់ក្នុងទីផ្សារ ខណៈដែលវាមានសារធាតុប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេស និង ហួសកាលបរិច្ឆេទ ជាដើម៕