តួកគី បញ្ឈប់ការរុករកមួយផ្នែកធំ ងាកទៅផ្ដើមសាងសង់អគារឡើងវិញ ក្រោយជួបគ្រោះរញ្ជួយដី
គិតមកដល់ត្រឹមថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ចំនួនករណីស្លាប់ដោយគ្រោះរញ្ជួយដីក្នុងប្រទេសតួកគី បានកើនឡើងដល់ជាង ៤០ ៦៨៩ នាក់ និង រំពឹងថានឹងនៅមានជនរងគ្រោះបន្ថែមទៀត ព្រោះមនុស្សជាច្រើននៅកំពុងបាត់ខ្លួននៅឡើយ។ គ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសតួកគី បានបំផ្លិចបំផ្លាញសំណង់អគារចំនួន ៧ ម៉ឺនខ្នង និង អគារអាផាតមិនចំនួន ២៦៤ ០០០ ខ្នង។ បើនិយាយដល់ខាងសេដ្ឋកិច្ចវិញ គ្រោះរញ្ជួយដីនោះដែរ បានប៉ះពាល់ដល់ខេត្តចំនួន ១០ ខាតបង់ទឹកប្រាក់ប្រមាណជា ៨៥ ពាន់លានដុល្លារ។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែល (១៩ កុម្ភៈ) ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន និង គ្រោះមហន្តរាយប្រចាំប្រទេសតួកគី បានប្រកាសបិទបញ្ចប់បេសកកម្មរុករកលើទីតាំងមួយចំនួនធំ លើកលែងតែខេត្ត Hatay និង Kahhramanmaras ប៉ុណ្ណោះ។
ស្របពេលនឹងការប្រកាសបញ្ចប់ការរុករកនេះដែរ តួកគី ក៏បានចាប់ផ្ដើមដំណើរការសម្អាតគំនរអគារបាក់បែក និង ធ្វើការសាងសង់ឡើងវិញ។ ជាមួយគ្នានោះដែរ អនុប្រធានាធិបតីប្រចាំប្រទេសតួកគី ក៏បានប្រកាសបង្កើតយុទ្ធនាការមួយហៅថា «My home is also your home» ដើម្បីអំពាវនាវដល់សប្បុរសជនដែលមានផ្ទះច្រើន មានសណ្ដានចិត្តចង់ជួយផ្ដល់ជាជម្រកដោយឥតគិតថ្លៃ ឬ ដាក់ជួលក្នុងតម្លៃសមរម្យណាមួយទៅដល់ជនរងគ្រោះ៕