គួរឱ្យបារម្ភ! ទឹកកកមហាសមុទ្រអង់តាកទិក បានចាប់ផ្តើមរលាយ និង បន្តរលាយអស់ជាច្រើនទៀត
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ មជ្ឈមណ្ឌលខាងប្រមូលទិន្នន័យព្រិល និង ទឹកកកប្រចាំសហរដ្ឋអាមេរិក (NSIDC) បានបញ្ជាក់ថា ទឹកកកនៃមហាសមុទ្រអង់តាកទិក បានថយចុះខ្លាំងរហូតនៅសល់ត្រឹម ១.៩១ លានគីឡូម៉ែត្រការ៉េក្នុងសប្ដាហ៍នេះ។
នេះគឺជាចំនួនដ៏ទាបមួយមិនធ្លាប់មាន គិតតាំងពីទិន្នន័យដែលប្រមូលបានក្នុងឆ្នាំ ១៩៧៩ មក។ ជាមួយគ្នានេះដែរ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត ផ្ទៃទឹកកកនៅមហាសមុទ្រអង់តាកទិកត្រូវគេរំពឹងថា នឹងបន្តធ្លាក់ចុះថែមទៀត មុនឈានដល់កម្រិតអប្បបរមាប្រចាំឆ្នាំ។
យ៉ាងណាមិញ ការរលាយនៃទឹកកកសមុទ្រនេះ គឺមិនមានផលប៉ះពាល់ដល់កម្រិតទឹកសមុទ្រនោះឡើយ ព្រោះថាទឹកកកវានៅក្នុងសមុទ្រស្រាប់ ប៉ុន្តែវានឹងរួមចំណែកធ្វើឱ្យកម្ដៅផែនដីកាន់តែកើនឡើង។ ជាក់ស្ដែង នៅពេលសមុទ្រគ្របដណ្ដប់ដោយទឹកកក រាល់ថាមពលព្រះអាទិត្យដែលជះមកភពផែនដី ៩០ ភាគរយនឹងឆ្លុះផ្លាតត្រឡប់ទៅលើអាកាសវិញ តែប្រសិនបើទឹកកករលាយក្លាយជាទឹកធម្មតា នោះទឹកនឹងស្រូបយកកម្ដៅព្រះអាទិត្យ និង បណ្ដាលឱ្យផ្ទៃសមុទ្រចាប់ផ្ដើមឡើងកម្ដៅ៕