បង្ក្រាបបានសាច់ជ្រូកផ្ទុកវីរុសជំងឺឆ្លងប៉េស្រ្តអាហ្វិក (ASFV) ជិត ២ តោន យកបំផ្លាញចោលក្នុងខណ្ឌដង្កោ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបញ្ជាក់ពីការបំផ្លាញចោលសាច់ជ្រូក និង សរីរាង្គជ្រូកបង្កក សរុបប្រមាណ ១៧៦០ គីឡូក្រាម ដែលការបំផ្លាញចោលនេះ រៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទាក់ទិនរឿងនេះ លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានឱ្យដឹងថា សាច់ជ្រូក និង សរីរាង្គជ្រូក មានផ្ទុកវីរុសជំងឺឆ្លងប៉េសអាហ្វិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ដោយយោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធវីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និង ផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជ្រូកដែលនាំយកបំផ្លាញចោល គឺត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបណ្តាឃ្លាំងស្តុកសាច់ស្រស់ និង បង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះ ដែលសាច់ទាំងនោះរួមមាន សាច់ជ្រូក និង សរីរាង្គជ្រូក ចំនួន ៨៨ ក្បាល ស្មើនឹង ១៧៦០ គីឡូក្រាម។
គួរឱ្យដឹងផងដែរថា ថ្មីៗនេះឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់បទបញ្ជាដល់ មន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និង មធ្យោបាយដឹកជញ្ជូន និង តម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូលចែកចាយផលិតផលសាច់សត្វស្រស់បង្កក និង ផលិតផលអំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និង ត្រូវគោរពនិង អនុវត្តតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និង ដឹកជញ្ជូន ស្តុក រក្សាទុក រួមទាំងភាពអនុលោមទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឱ្យបានត្រឹមត្រូវ៕