ភ្ញាក់ផ្អើល! បុរសម្នាក់បានសម្រេចចិត្តដុតម៉ូតូរបស់ខ្លួនចោល ក្រោយពីម៉ូតូដេរមិនឆេះ
ហេតុការណ៍មួយបានកើតឡើងនាពេលថ្មីៗនេះនៅឯខេត្តបាត់ដំបង ដោយបុរសម្នាក់បានសម្រេចចិត្តដុតម៉ូតូរបស់ខ្លួនចោល ក្រោយពីម៉ូតូដេរមិនឆេះបណ្ដើរមកយ៉ាងឆ្ងាយ បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើល។
យោងតាមហ្វេសប៊ុកផេក BTB News បានបង្ហោះកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅឱ្យដឹងថា នៅវេលាម៉ោង ១៦ និង ៥០ នាទី ថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅនោះ មានបុរសម្នាក់ឈ្មោះ វីត ជាម្ចាស់ម៉ូតូម៉ាកឃ្លីក ពណ៌ស ស្លាកលេខបាត់ដំបង 1Y-0045 ដោយសារតែខឹងបណ្ដើរម៉ូតូតាំងពីភូមិស្ដៅ ស្រុករតនមណ្ឌល ទៅដល់ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ព្រោះម៉ូតូដេរមិនឆេះ ធាក់ក៏មិនឆេះ ក៏សម្រេចចិត្តយកដែកកេះមកដុតម៉ូតូលេងតែម្ដង។
គួរបញ្ជាក់ដែរថា នៅក្នុងសារបង្ហោះនោះក៏បានបញ្ជាក់ទៀតថា ៖ «នៅពេលអ្នកសារព័ត៌មានសម្ភាសគាត់ គាត់ថាខឹងមកពីដេរវាមិនឆេះទើបដុតចោល តែពេលសមត្ថកិច្ចមកដល់សួរ គាត់ថាទាញទុយោសាំងមកដេរទើបឆេះតែម្តង»។
ដោយឡែក អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើនក៏បានចូលទៅបញ្ចេញមតិបែបហួសចិត្ត និង អស់សំណើចជាខ្លាំង ចំពោះទង្វើរបស់បុរសជាម្ចាស់ម៉ូតូនោះ៕
ប្រភព និង រូបភាពដោយ ៖ BTB News