ផ្ទុះការចាប់អារម្មណ៍! គូស្នេហ៍វ័យចំណាស់មួយគូ ប្ដីតែងជូនបាច់ផ្កាដល់ប្រពន្ធ ឯប្រពន្ធថែរក្សាផ្កាទាំងនោះយ៉ាងល្អ
នៅរៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ ១៤ កុម្ភៈ ដែលជាថ្ងៃនៃសេចក្ដីស្រឡាញ់ មនុស្សម្នានិយមទិញកាដូជូនមនុស្សជាទីស្រឡាញ់ ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ ស្នេហា មិត្តភក្តិ និង ការរាប់អានជាដើម បង្កើននូវភាពកក់ក្ដៅ ផ្អែមល្ហែម និង ស្និទ្ធស្នាល។
ទន្ទឹមនឹងថ្ងៃដ៏ពិសេសនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍លើគូស្នេហ៍វ័យចំណាស់មួយគូ ដែលបានចាប់ដៃគ្នាសាងសុភមង្គលអស់រយៈពេល ៤០ ឆ្នាំមកហើយ ដោយបានជូនបាច់ផ្កាក្នុងថ្ងៃពិសេស ថ្ងៃនៃក្ដីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ព្រមទាំងបង្ហាញពីបាច់ផ្កាជាច្រើនដែលបានរក្សាទុកអស់រយៈពេលមកជាយូរ ខណៈផ្កាក្នុងទូនេះ មានបាច់ផ្កាខ្លះមានអាយុដល់ទៅ ៩ ឆ្នាំឯណោះ។
តាមរយៈគណនីហ្វេសប៊ុកបុរសដែលជាស្វាមីឈ្មោះ Khit Chhern បានរៀបរាប់ដោយភាពកក់ក្ដៅបែបនេះថា ៖ «៤០ ឆ្នាំហើយ ផ្កានៃក្តីស្រឡាញ់ អ្នកជូនបាច់ផ្កាអាចរកបានគ្រប់កន្លែង តែអ្នកថែរក្សាផ្កានៃក្តីស្រឡាញ់មិនមានច្រើនទេ។ ផ្កាក្នុងទូនេះបាច់ផ្កាខ្លះមានអាយុ ៩ ឆ្នាំហើយ។ អរគុណអូន កំពូលភរិយា 14/02/23»៕